ខេត្តកណ្តាល ៖ បុរសម្នាក់បានអង្គុយផឹកស្រាជាមួយមិត្តភក្តិ៣-៤នាក់នៅមុខផ្ទះរបស់ខ្លួន លុះម្តាយឃើញផឹកច្រើនពេក ក៏ចូលមកឃាត់ ស្រាប់តែកូនប្រុសបានតបទៅម្តាយថា ខ្ញុំផឹកឱ្យទាល់តែស្លាប់ បន្ទាប់មកក៏ហៅម្តាយ និងមិត្តភក្តិមើលមុខរបស់ខ្លួនឱ្យហើយទៅ ថ្ងៃក្រោយលែងបាន ឃើញហើយ ស្រាប់តែព្រឹកឡើង ក៏ត្រូវស្ត្រីជាម្តាយប្រទះឃើញកូនប្រុសរូបនេះ បានចងកស្លាប់យ៉ាងអាណោចអធ័ម។
ករណីចងកធ្វើអត្តឃាត ខាងលើនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ និង០៥នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិស្វាយលិច ឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង។
បុរសគំនិតខ្លី ដែលចងកសម្លាប់ខ្លួន មានឈ្មោះជា សុខគា អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យ បានចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យសាកសពឃើញថា ជនរងគ្រោះពិតជាបានចងក ដោយយកភួយពណ៌ប៉ារ៉ា ចងនឹងរនងផ្ទះស្លាប់ប្រាកដមែន ដោយសពមានស្នាមជាំជុំវិញក ក្រៅពីនោះពុំមានស្លាក ស្នាមអ្វីគួរឱ្យកត់សំគាល់ឡើយ។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕