ខេត្តកំពង់ស្ពឺ ៖ ករណីអំពើហិង្សាក្នុងគ្រួសារមួយ កើតឡើងដោយសារបុរសម្នាក់តែងដើរលេងផឹកស៊ីជុំមិត្តភក្តិជារៀងរាល់ថ្ងៃ មិនសូវគិតគូរជួយការងារផ្ទះអ្វីទាំងអស់ លុះគ្រាន់តែប្រពន្ធរអ៊ូ តិចតួចថា ប្តីចូលចិត្តដើរលេង ធ្វើខ្លួនដូចកំលោះ មិនជួយគិតរកស៊ីអ្វីសោះ ស្រាប់តែបុរសជាប្តីផ្ទុះកំហឹង ស្ទុះទៅវ៉ៃ ស្ទុះទៅបោកបំផ្លាញកង្ហារ១ ឧបករណ៍សម្រាប់ ផ្លុំសក់១ និងកញ្ចក់១ផ្ទាំង ព្រមទាំងវាយបំផ្លាញរបស់របរមួយចំនួនទៀត រហូតដល់ប្រពន្ធទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចឱ្យអូសកប្តីកំណាចយកទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង។

បុរសជាប្តីចិត្តក្តៅ មានឈ្មោះជុំ វិច្ឆិកា អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានប្រពន្ធឈ្មោះយ៉ាន សុភ័ស្ត អាយុ២៨ឆ្នាំ។ ប្តីប្រពន្ធខាងលើ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។

ដោយសារតែទ្រាំនឹងទង្វើកោងកាចរបស់បុរសជាប្តីរូបនេះលែងបាន ទើបស្ត្រីជាប្រពន្ធក៏សម្រេចដាក់ពាក្យបណ្តឹង សុំឱ្យសមត្ថកិច្ចចាត់ ការប្តីនេះតាមផ្លូវច្បាប់ ព្រោះនេះមិនមែនលើកទី១នោះទេ ដែលប្តីធ្វើរបៀបនេះនៅក្នុងគ្រួសារ។

ក្រោយពីសមត្ថកិច្ចចុះនាំខ្លួនមកធ្វើការសាកសួររួច បុរសជាប្តីបានឆ្លើយសារភាពថា ខ្លួនពិតជាបានបោកបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះប្រាកដមែន មូលហេតុដោយសារតែខឹងនឹងប្រពន្ធរអ៊ូរទាំងច្រើនពេក។

រហូតមកដល់ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ សមត្ថកិច្ចបានរៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនបុរុសជាប្តីខាងលើ ដើម្បីចាត់ការតាមនីតិវិធី៕