ភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុន PNT ម្នាក់ មានឈ្មោះ ចំរើន ចន្ទ័រិទ្ធ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ភណទ ស្នាក់នៅផ្ទះលេខ១០៨៧ ផ្លូវលេខ០១ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ បានប្រើល្បិចស៊ីដាច់លុយក្រុមហ៊ុនចំនួន៦៣១៧ដុល្លារ យកទៅដើរេទៅចាយអស់ ទីបំផុត បែកធ្លាយរឿងរ៉ាវ ក៏ត្រូវតំណាងក្រុមហ៊ុនជាដើមបណ្តឹង មានឈ្មោះគង់ គន្ធារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន PNT ស្នាក់នៅផ្ទះលេខ 59DE0 ផ្លូវ១៤៦ សង្កាត់ផ្សាដេប៉ូ២ ខណ្ឌទួលគោក ប្តឹងសមត្ថកិច្ចពីបទរំលោភលើទំនុកចិត្ត និងត្រូវសមត្ថកិច្ចចាប់វាយខ្នោះ កាលពីវេលាម៉ោង៦ព្រលប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្រុមហ៊ុន PNT មានទីតាំងស្ថិតនៅផ្លូវលេខ១៩៧៤ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
តាមប្រភពពីតំណាងក្រុមហ៊ុន បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ជនសង្ស័យបានចូលបម្រើការងារនៅក្រុមហ៊ុនខាងលើ មានមុខងារជាតំណាងក្រុមហ៊ុន បន្ទាប់មកខាងក្រុមហ៊ុនបានឱ្យជនសង្ស័យយកបញ្ជីផ្ទៀងផ្ទាត់ ទើបដឹងថា ជនសង្ស័យខាងលើបានយកលុយពីអតិថិជនចំនួន៨៥៧,៤២ដុល្លារ មិនប្រគល់ឱ្យក្រុមហ៊ុន រួចជនសង្ស័យបានសុំក្រុមហ៊ុនឱ្យខ្លួនធ្វើការបន្ត និងសុំឱ្យក្រុមហ៊ុនកាត់ប្រាក់ខែរបស់ខ្លួន ក្នុង១ខែ ចំនួន១០០ដុល្លា។ រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ខាងក្រុមហ៊ុនមានការសង្ស័យជាលើកទី២ បានធ្វើការឆែកឆេរបញ្ជី ហើយរកឃើញជនសង្ស័យបានយកលុយចំនួន៥៥៥៩,៦៧ដុល្លារ ពីអតិថិជនមិនប្រគល់ឱ្យក្រុមហ៊ុនទៀត លុះដល់ម៉ោង៦ព្រលប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ទើបជនរងគ្រោះ (តំណាងក្រុមហ៊ុន) បានសម្រេចនាំខ្លួនជនសង្ស័យទៅប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី ធ្វើការសាកសួរ និងបានដាក់ពាក្យបណ្តឹងចោទប្រកាន់ជនសង្ស័យតែម្តង។
បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕