ខេត្តពោធិ៍សាត់ ៖ ករណីរំលោភសេពសន្ធវៈមួយ ដោយសារបុរសល្មោភកាមម្នាក់ បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈនារីម្នាក់ រហូតដល់បានសម្រេច១ភ្លែត ២ដង និងថែមទាំងគំរាមសម្លាប់ចោលទៀតផង ប្រសិនបើហ៊ាននិយាយប្រាប់គេ លុះនារីរងគ្រោះទ្រាំលែងបាន ក៏ដាច់ចិត្តទម្លាយរឿងរ៉ាវប្រាប់ឪពុកម្តាយ ហើយនាំគ្នាទៅដាក់ពាក្យបណ្តឹងចាប់ខ្លួនជនល្មោភកាមនាំយកមកចាត់ការតាមច្បាប់ បានកើតឡើង កាលពីវេលាម៉ោង៦និង២០នាទីព្រលប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិស្ថានីយ សង្កាត់ស្វាយអាត់ ក្រុង ពោធិ៍សាត់។ លុះមកដល់ព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីទទួលបានបណ្តឹងពីនារី រងគ្រោះ សមត្ថកិច្ច ក៏ចុះចាប់ឃាត់ខ្លួនជនសង្ស័យនាំយកមកសួរនាំ។
ជនសង្ស័យមានឈ្មោះប៉ា ហ៊ុល អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកនារីរងគ្រោះ មានលំនៅក្នុងភូមិជាមួយជនសង្ស័យផងដែរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យល្មោភកាមបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភនារីរងគ្រោះប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ កសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕