Friday, July 4, 2025
Homeព័ត៌មានជាតិមិនថាម៉ូតូឬឡាននោះទេ បុករះខ្ទេចតែម្តង

មិនថាម៉ូតូឬឡាននោះទេ បុករះខ្ទេចតែម្តង

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨នេះ មានគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅចំណុចមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមមហាវិថីសហព័ន្ធរុស្សី កែងផ្លូវចូលវត្តតាំងកសាង ក្នុងភូមិក្បាលដំរី សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ គ្រោះថ្នាក់នេះ បង្កដោយរថភ្លើងដឹកអ្នកដំណើរភ្ញៀវបរទេស១គ្រឿង បានបើកជ្រុលទៅបុករះ​ បណ្តាលឱ្យខូចខាតរថយន្តតូចធំ និងម៉ូតូជាច្រើនគ្រឿង និងបានបន្តរុញចូលទៅបុកបង្គោលភ្លើង និងផ្ទះរបស់ប្រជាពលរដ្ឋបន្តបន្ថែមទៀត បណ្តាលឱ្យមនុស្សចំនួន២នាក់ រងបួសធ្ងន់។

រថយន្តដែលបានរងការខូចខាតនោះរួម មានម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខបាត់ដំបង 3A-0380 អ្នកបើកបរបានរត់គេចខ្លួនបាត់ និង១គ្រឿងទៀត ម៉ាកកាមរីបាឡែន ពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2H-6344 បើកបរដោយបុរសម្នាក់ពុំបានស្គាល់ឈ្មោះឡើយ។ ចំណែកម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ជិះដោយបុរសម្នាក់និងស្ត្រីម្នាក់ បានរងរបួសធ្ងន់ មិនស្គាល់អត្តសញ្ញាណនៅឡើយទេ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត និងម៉ូតូខាងលើ បានឈប់បន្តបន្ទាប់គ្នា នៅចំណុចស្តុបខាងលើ ខណៈនោះ មានរថភ្លើងបានធ្វើដំណើរដឹកភ្ញៀវអន្តរជាតិ ក្នុងទិសដៅពីជើងទៅត្បូង ចូលអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក៏បានបុករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដែលឈប់រំលោភលើផ្លូវរថភ្លើង។ ពេលនោះ រថភ្លើងបានបុករុញរថយន្ត១គ្រឿងនេះ ទៅបុករថយន្តកាមរីពីចំហៀង ហើយរុញទៅផ្ទប់បង្គោលភ្លើង និងចូលផ្ទះ បណ្តាលឱ្យបាក់បង្គោលប៉ាណូ។ ខណៈនោះ មានម៉ូតូ១គ្រឿង ក៏ត្រូវបានរថភ្លើងបុករុញរថយន្តទៅបុក បណ្តាលឱ្យអ្នកបើកបរ និងអ្នករួមដំណើរបានរងរបួសទាំង ២នាក់ផងដែរ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់ រថភ្លើងក៏បានបើកចូលរ៉ាក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ដោយឡែក ជនរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយរថយន្តទាំង២គ្រឿង និងម៉ូតូ១គ្រឿង ត្រូវបាននគរបាលចុះទៅវាស់វែង បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយនៅពេលក្រោយ។

ប្រភពពីប្រជាពលរដ្ឋបានឱ្យដឹងថា ចាប់តាំងពីបង្កើតឱ្យមានផ្លូវរថភ្លើង នៅចំកណ្តាលផ្លូវថ្នល់ តែងតែបង្កឱ្យមានគ្រោះថ្នាក់ជាបន្តបន្ទាប់ ជួនកាលម៉ូតូបើកសុខៗ ក្រឡាច់ ព្រោះរអិលផ្លូវដែកដួលបោកក្បាល និងខ្លះទៀត ត្រូវរថភ្លើងរ៉ូយ៉ាលអ៊ែរវ៉េ បុកបណ្តាលឱ្យរងរបួសជាបន្តបន្ទាប់ជាច្រើនករណីរួចមកហើយ ប៉ុន្តែ រថភ្លើងមិនដែលខុសទេ៕

RELATED ARTICLES