Monday, August 18, 2025
Homeព័ត៌មានអន្តរជាតិត្រាំ ៖ ចិន យល់ព្រមកាត់បន្ថយពន្ធនាំចូលរថយន្តពីសហរដ្ឋអាមេរិក

ត្រាំ ៖ ចិន យល់ព្រមកាត់បន្ថយពន្ធនាំចូលរថយន្តពីសហរដ្ឋអាមេរិក

កាលពីថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្រោយពីជំនួបប្រជុំជាមួយប្រធានាធិបតីចិន លោកស៊ី ជីនពីង ថា ចិន បានយល់ព្រមកាត់បន្ថយពន្ធនាំចូលទៅលើរថយន្ត ដែលផលិតនៅសហរដ្ឋអាមេរិក។

ការយល់ព្រមកាត់បន្ថយពន្ធនេះ គឺជាសញ្ញាមួយ ឈានទៅរកការពន្លត់ភ្លើងសង្គ្រាមពាណិជ្ជកម្ម ដែលមានរយៈពេល៩០ថ្ងៃ កន្លងមកហើយ។

លោកប្រធានាធិបតីដូណាល់ ត្រាំ បានឱ្យដឹងថា “ទីក្រុងប៉េកាំង បានយល់ព្រមកាត់បន្ថយ និងដកពន្ធទៅលើរថយន្តនាំចូលពីសហរដ្ឋអាមេរិក ដែលពន្ធបច្ចុប្បន្ននេះ មានចំនួន៤០%”។

ទាក់ទងទៅនឹងការលើកឡើងរបស់លោកដូណាល់ ត្រាំ ភាគីចិន មិនបានធ្វើអត្ថាធិប្បាយ លម្អិតប្រាប់អ្នកសារព័ត៌មាននោះទេ។

ត្រឹមតែរយៈពេល៥ខែកន្លងមកនេះ ប្រទេសចិន បានកាត់បន្ថយពន្ធនាំចូលរថយន្តពីបរទេស ប្រមាណពី២៥% មកនៅត្រឹម១៥% ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក ចិន បានដាក់ពន្ធបន្ថែម ២៥% ទៅលើប្រភេទរថយន្តដឹកអ្នកដំណើរដែលផលិតនៅអាមេរិក ក្រោយពេលដែលប្រទេសទាំងពីរ ផ្ទុះសង្គ្រាមពាណិជ្ជកម្មជាមួយគ្នា។

U.S. President Donald Trump and Chinese President Xi Jinping attend a working dinner after the G20 leaders summit in Buenos Aires, Argentina December 1, 2018. REUTERS/Kevin Lamarque (Photo : Reuters)

ក្រៅអំពីការកាត់បន្ថយពន្ធនាំចូលរថយន្តពីសហរដ្ឋអាមេរិក ជំនួបប្រជុំមេដឹកនាំទាំងពីរនៅប្រទេសអាហ្សង់ទីន ដែលមានរយៈពេល២ម៉ោងកន្លះ ក៏បានសម្រេចផ្អាកការដំឡើងពន្ធគ្នាទៅវិញទៅមក ហើយភាគីចិន ក៏បានយល់ព្រមបន្តទិញទំនិញទាក់ទងទៅនឹងកសិដ្ឋាន និងថាមពលពីសហរដ្ឋអាមេរិក ឡើងវិញ។

ជាមួយគ្នានេះដែរ ភាគីទាំងពីរ ក៏បានយល់ព្រមផ្តើមធ្វើការចរចាគ្នាសាជាថ្មី នៅក្នុងអំឡុងពេល៩០ថ្ងៃខាងមុខទៀត ដើម្បីដោះស្រាយទៅលើបញ្ហាការផ្លាស់ប្តូរបច្ចេកវិទ្យា កម្មសិទ្ធិបញ្ញា និងរបាំងពន្ធដារ៕

RELATED ARTICLES