យោងតាមប្រភពព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃចន្ទ ទី០៣ ខែធ្នូ ឆ្នាំ២០១៨ បានឱ្យដឹងថា ធនាគារពិភពលោក បានសន្យាផ្តល់កញ្ចប់ថវិកា២០០ពាន់លានដុល្លារ ដើម្បីវិនិយោគទៅលើបញ្ហាបម្រែបម្រួលអាកាសធាតុ សម្រាប់ឆ្នាំ២០២១-២០២៥។
ការប្រកាសរបស់ធនាគារពិភពលោក បានធ្វើឡើងក្នុងអំឡុងពេលដែលប្រទេសជាង២០០ជុំវិញពិភពលោក កំពុងជួបប្រជុំគ្នានៅប្រទេសបូឡូញ ដើម្បីរកវិធីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ដែលកំពុងតែគំរាមកំហែងពិភពលោក ពីមួយថ្ងៃទៅមួយថ្ងៃ។
នៅក្នុងសេចក្តីថ្លែងការណ៍ ធនាគារពិភពលោក បាននិយាយថា នៅក្នុងកញ្ចប់ហិរញ្ញវត្ថុ២០០ពាន់លានដុល្លារ ដែលខ្លួនបានសន្យាផ្តល់នោះ គឺមាន១០០ពាន់លានដុល្លារ ជាហិរញ្ញវត្ថុដែលផ្តល់ដោយធនាគារផ្ទាល់តែម្តង ហើយ១ភាគ៣នៃហិរញ្ញវត្ថុផ្សេងទៀត គឺជាវិភាគទានដែលបានមកពីភ្នាក់ងារធនាគារពិភពលោក ចំនួន២ផ្សេងទៀត។
លោក John Roome នាយកទទួលបន្ទុកបម្រែបម្រួលអាកាសធាតុ របស់ធនាគារពិភពលោក បានលើកឡើងថា កន្លងមក ធនាគារពិភពលោក មានកញ្ចប់ហិរញ្ញវត្ថុត្រឹមតែ៤០ពាន់លានដុល្លារប៉ុណ្ណោះ។
ជាមួយនឹងការសន្យាផ្តល់កញ្ចប់ថវិការដ៏ច្រើននេះ លោកបានព្រមានថា ប្រសិនបើយើងមិនកាត់បន្ថយការបញ្ចោញឧស្ម័នផ្ទះកញ្ចក់ និងការកសាងសមត្ថភាពបន្សាំទៅនឹងអាកាសធាតុ ប្រជាជនប្រហែល១០០លាននាក់ ទូទាំងពិភពលោក នឹងត្រូវរស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ត្រឹមឆ្នាំ២០៣០ ខាងមុខ ជាក់ជាមិនខាន។
យោងតាមរបាយការណ៍ស្រាវជ្រាវរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា នៅចន្លោះឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ចំនួនអ្នកស្លាប់ដោយការប្រែប្រួលអាកាសធាតុ និងហក់កើនឡើងដល់២៥ម៉ឺននាក់ ជារៀងរាល់ឆ្នាំ។ ការប្រែប្រួលអាកាសធាតុនេះ ធ្វើឱ្យពិភពលោក កំពុងជួបប្រទះនឹងកំណើនគ្រោះមហន្តរាយធម្មជាតិ ដូចជា ព្យុះ ទឹកជំនន់ រាំងស្ងួត រលកកម្តៅ និងកង្វះអាហាររូបត្ថម្ភ ជាដើម។
នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យ នោះ ក៏បានអំពាវនាវឱ្យមានការប្តេជ្ញាចិត្តខ្ពស់ និងអនុវត្តន៍ទៅតាមកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស ២០១៥។ នៅក្នុងកិច្ចប្រជុំនេះដែរ គឺបានព្រមព្រៀងកម្រិតកំណើនសីតុណ្ហភាព ឱ្យនៅត្រឹមតែ២អង្សារ ហើយប្រសិនបើសុវត្ថិភាពជាងនេះ គឺឱ្យនៅតែ១.៥អង្សារ៕