ខេត្តបាត់ដំបង ៖ បុរស២នាក់ ត្រូវជាបងប្អូនថ្លៃនឹងគ្នា បានកើតមានទំនាស់ពាក្យសម្តីតឹងសរសៃកដាក់គ្នាមួយប្រាវ រួចក៏ផ្ទុះជាអំពើហិង្សា ដោយភាគីបងថ្លៃ បានទាញពូថៅកាប់ប្រហារទៅលើប្អូនថ្លៃជាច្រើនពូថៅ បណ្តាលឱ្យរងរបួសធ្ងន់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ និង៤០នាទីរសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង។
ជនដៃដល់ ឈ្មោះសាក់ផាំង កុំផៃ អាយុ៤២ឆ្នាំ ជាជនជាតិថៃ ស្នាក់នៅភូមិ-ឃុំកើតហេតុខាងលើ។ ចំណែកជនរងគ្រោះជាប្អូនថ្លៃ មានឈ្មោះហេង គឹមហួរ អាយុ២៧ឆ្នាំ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើជាមួយគ្នា។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។ ចំណែកជនដៃដល់ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួនភ្លាមៗ នាំយកទៅសាកសួរ និងចាត់ការតាមនីតិវិធី៕