ភ្នំពេញ ៖ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ មានការភ្ញាក់ផ៌្អើល ដោយបុរសម្នាក់បានលែងលះគ្នាប្រពន្ធអស់រយៈពេល៣ឆ្នាំទៅហើយ ដោយប្រគល់កូនប្រុសតូច សព្វថ្ងៃអាយុ៣ឆ្នាំ ទៅឱ្យប្រពន្ធជាអ្នកចិញ្ចឹមបីបាច់ លុះនឹកកូនពេក ក៏ទៅសុំយកកូនមកលេង១ថ្ងៃ ស្រាប់តែរវល់ដេកលក់មួយភាំង កូនប្រុសក៏ដើរវង្វេងចេញបាត់ពីផ្ទះ និងត្រូវបានប្រជាពលរដ្ឋប្រទះឃើញ នាំយកទៅប្រគល់ឱ្យសមត្ថកិច្ច ដើម្បីស្វែងរកឪពុកម្តាយឱ្យមកទទួលយកវិញនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ខណ្ឌសែនសុខ។
ក្មេងប្រុសដែលវង្វេងបាត់ពីផ្ទះ មានឈ្មោះហេង មាន អាយុ៣ឆ្នាំ ស្នាក់នៅក្រោមបន្ទុកស្ត្រីជាម្តាយ នៅម្តុំភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ ចំណែកឪពុកមានឈ្មោះសាក មិថុនា អាយុ៣៦ឆ្នាំ ជាបុគ្គលិកសណ្ឋាគារតារាអ៊ែរផត ស្នាក់នៅផ្ទះជួលក្បែរវត្តទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ក៏បានធ្វើកិច្ចសន្យាប្រគល់ក្មេងប្រុសខាងលើ ទៅឱ្យបុរសជាឪពុកយកត្រឡប់ទៅផ្ទះវិញ៕