ក្រោយផ្ទុះការតវ៉ាហិង្សា អស់រយៈពេល ២-៣សប្តាហ៍មកនេះ ទីបំផុត រដ្ឋាភិបាលបារាំង បានត្រៀមខ្លួនផ្អាកការដំឡើងពន្ធប្រេងឥន្ធនៈបណ្តោះអាសន្ន ដើម្បីបន្ធូរបន្ថយបរិយាកាសសន្តិសុខសង្គម។
លោក Edouard Philippe នាយករដ្ឋមន្ត្រីបារាំង បានប្រកាសការផ្អាកដំឡើងពន្ធប្រេងឥន្ធនៈ បណ្តោះអាសន្ន នៅល្ងាចថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីទប់ស្កាត់អំពើហិង្សា ដែលបង្កឱ្យមានអស្ថេរភាពគោលនយោបាយរបស់ប្រធានាធិបតីម៉ាក្រុង ចាប់តាំងពីការឡើងកាន់អំណាច កាលពីឆ្នាំ២០១៧។

កាលពីព្រឹកថ្ងៃអង្គារ លោក Edouard Philippe បានទៅជួបក្រុមអ្នកតវ៉ា ដើម្បីធ្វើការសម្របសម្រួលគ្នា ប៉ុន្តែក្រុមអ្នកតវ៉ាបានបដិសេធជាមួយនឹងការគំរាមសម្លាប់ពីក្រុមជ្រុលនិយម ថែមទៀតផង។
ក្រុមតវ៉ាដែលត្រូវបានគេហៅថា អាវកាក់ពណ៌លឿង (Yellow Vest) បានចាប់ផ្តើមតាំងពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រឆាំងទៅនឹងគោលនយោបាយដំឡើងពន្ធប្រេងឥន្ធនៈ (ម៉ាស៊ូត) របស់លោកប្រធានាធិបតីម៉ាក្រុង ដែលលោកគិតថា ជាកត្តាចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងការផ្លាស់ប្តូរអាកាសធាតុ និងការការពារបរិស្ថាន។

ប្រធានាធិបតីម៉ាក្រុង ដែលទើបតែឡើងមកកាន់តំណែងបានរយៈពេល២ឆ្នាំ បានខិតខំប្រឹងប្រែងធ្វើកំណែទម្រង់ គោលនយោបាយ ប៉ុន្តែ ប្រជាប្រិយភាពរបស់លោកបានធ្លាក់ចុះយ៉ាងខ្លាំង ក្នុងប៉ុន្មានខែចុងក្រោយនេះ។
លោកម៉ាក្រុង បានចោទប្រកាន់គូប្រជែងនយោបាយរបស់គាត់ គឺជាអ្នកបង្កើតចលនាប្រឆាំង ដើម្បីរារាំងនូវកំណែទម្រង់របស់លោក។ ការធ្វើបាតុកម្មតវ៉ា អស់រយៈពេលប៉ុន្មានសប្តាហ៍នេះ ត្រូវបានគេប៉ាន់ប្រមាណថា ធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច រាប់លានដុល្លារ ។

បាតុកម្មប្រឆាំងទៅនឹងគោលនយោបាយដំឡើងពន្ធប្រេងឥន្ធនៈរបស់លោកម៉ាក្រុង បានសម្លាប់មនុស្ស៣នាក់ និងមួយចំនួនទៀត រងរបួស៕