យោងតាមអាជ្ញាធរម៉ាឡេស៊ី បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស៣នាក់ បានស្លាប់បាត់បង់ជីវិត និង១៨នាក់ផ្សេងទៀត បានរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍ផ្ទុះហ្គាសនៅក្នុងផ្សារទំនើបមួយកន្លែង នៅខេត្តសារ៉ាវ៉ាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣០នាទី ល្ងាចថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨។
យោងតាមមន្ត្រីពន្លត់អគ្គិភ័យ បានធ្វើការសន្និដ្ឋានដំបូងថា គឺការផ្ទុះនេះអាចបណ្តាលមកពីផ្ទុះធុងហ្គាស។
ទោះជាយ៉ាងណាក្តី អាជ្ញាធរម៉ាឡេស៊ី កំពុងធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែមទៀត ដើម្បីស្វែងរកការពិតថា តើវាអាចជាប់ពាក់ព័ន្ធទៅនឹងអំពើភេរវកម្ម ឬយ៉ាងណា? ក្រោយកើតហេតុ គេមិនទាន់ឃើញមានក្រុមណាមួយ ចេញមុខទទួលខុសត្រូវនោះទេ។

ប្រភពដដែលនេះ បានឱ្យដឹងទៀតថា អ្នកស្លាប់នឹងអ្នករបួសភាគច្រើន គឺជាបុគ្គលិកបម្រើការនៅក្នុងហាង។ សាក្សីម្នាក់ បានថ្លែងថា ដំបូងគាត់បានឮសំឡេងផ្ទុះ ហើយអគារទាំងមូល បានចាប់ផ្តើមរង្គើ៕