Monday, August 18, 2025
Homeព័ត៌មានអន្តរជាតិអាមេរិក ទុកពេលឱ្យចិន ៩០ថ្ងៃ មុននឹងចុះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះពាណិជ្ជកម្ម

អាមេរិក ទុកពេលឱ្យចិន ៩០ថ្ងៃ មុននឹងចុះកិច្ចព្រមព្រៀងបញ្ចប់ជម្លោះពាណិជ្ជកម្ម

ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP កាលពីថ្ងៃចន្ទ បន្ទាប់ពីជំនួបប្រជុំរវាងប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានាធិបតីចិន ស៊ី ជីនពីង នៅឯកិច្ចប្រជុំ G-20 មន្ត្រីសេតវិមាន បានឱ្យដឹងថា សហរដ្ឋអាមេរិក ចង់បានកិច្ចព្រមព្រៀងពាណិជ្ជកម្មច្បាស់លាស់មួយជាមួយគូភាគីចិន ក្នុងរយៈពេល៩០ថ្ងៃខាងមុខទៀត។

លោក Cui Tiankai ឯកអគ្គរដ្ឋទូតចិន ប្រចាំសហរដ្ឋអាមេរិក បានថ្លែងប្រាប់អ្នកសារព័ត៌មានថា ការចរចាគ្នា អាចនឹងសម្រេចបានមុនរយៈពេល៩០ថ្ងៃ ដើម្បីឈានទៅដល់កិច្ចព្រមព្រៀងមួយ ឈរនៅលើផលប្រយោជន៍ រួមដែលអាចទទួលយកបាន។

កិច្ចព្រមព្រៀងពាណិជ្ជកម្មច្បាស់លាស់មួយ ដែលអាមេរិក ចង់បានជាបន្ទាន់ រួមមានការកាត់ពន្ធនាំចូលរថយន្ត បញ្ចប់នូវការលួចកម្មសិទ្ធិបញ្ញារបស់សហរដ្ឋអាមេរិក និងការផ្លាស់ប្តូរបច្ចេកវិទ្យា។

កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន នៅប្រទេសអាហ្សង់ទីន ក្នុងជំនួបប្រជុំកំពូល G-20 ភាគីទាំងពីរ អាមេរិក-ចិន បានយល់ព្រមបញ្ចប់ជម្លោះសង្គ្រាមពាណិជ្ជកម្ម ដែលធ្វើឱ្យប៉ះពាល់ដល់មុខជំនួញ ដែលមានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ សម្រាប់ប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ។

(Photo : AFP)

នៅក្នុងកិច្ចព្រមព្រៀងនោះ មេដឹកនាំទាំងពីរ បានយល់ព្រមផ្អាកការដំឡើងពន្ធពីគ្នាទៅវិញទៅមក រយៈពេល៩០ថ្ងៃ ដោយចាប់ផ្តើមគិតពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ តទៅ។

លោក Steve Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារជាតិ សហរដ្ឋអាមេរិក បាននិយាយថា នៅក្នុងជំនួបប្រជុំរវាងមេដឹកនាំទាំងពីរ ប្រទេសចិន បានសន្យាធ្វើជំនួញជាមួយសហរដ្ឋអាមេរិក នៅទំហំទឹកប្រាក់ ច្រើនជាង១,២ទ្រីលានដុល្លារ។

នៅក្នុងកិច្ចប្រជុំនោះដែរ មេដឹកនាំទាំងពីរ សង្ឃឹមថា នឹងទម្លាក់ពន្ធរហូតទៅដល់ចំណុច០  ទៅលើមុខទំនិញមួយចំនួន ដែលនាំចូលពីគ្នាទៅវិញទៅមក។

ក្រោយកិច្ចប្រជុំរបស់មហាអំណាចទាំងពីរ ចិន បានសន្យាកាត់បន្ថយ ឬអាចឈានទៅរកការលុបចោលពន្ធនាំចូលរថយន្តពីសហរដ្ឋអាមេរិក ដែលបច្ចុប្បន្ន ចិន យកពន្ធមានចំនួន៤០%៕

RELATED ARTICLES