កាលពីថ្ងៃអង្គារ ទី០៤ ខែធ្នូ ឆ្នាំ២០១៨ ក្រសួងការបរទេសចិន បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង លោក Ri Yong Ho នឹងមកបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅក្នុងប្រទេសចិន ក្នុងសប្តាហ៍នេះ។
ដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង លោក Ri Yong Ho គ្រោងនឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ចិន ដើម្បីពិភាក្សាទៅលើស្ថានភាពនៅឧបទ្វីបកូរ៉េ។
លោក Geng Shuang អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងទៀតថា លោក Ri Yong Ho ក៏មានគម្រោងជួបជាមួយនឹងមន្ត្រីការទូតជាន់ខ្ពស់ រដ្ឋាភិបាលក្រុងប៉េកាំង ផងដែរ ដែលក្នុងនោះមានទាំងលោក Wang Yi ដែលជាទីប្រឹក្សារដ្ឋចិន នៅក្នុងដំណើរបំពេញទស្សនកិច្ចដែលនឹងចាប់ផ្តើម ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍។

ប្រទេសចិន គឺជាអ្នកគាំទ្រផ្នែកសេដ្ឋកិច្ច និងការទូតដ៏សំខាន់របស់ប្រទេសកូរ៉េខាងជើង បើទោះជាប្រទេសនេះធ្លាប់មានការខឹងសម្បា ពាក់ព័ន្ធទៅនឹងការអភិវឌ្ឍន៍កម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីល ក្នុងរបបដឹកនាំរបស់លោកគីម ជុងអ៊ុន យ៉ាងណាក៏ដោយ។
មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានមកបំពេញទស្សនកិច្ចទីក្រុងប៉េកាំង ៣លើកមកហើយ នៅក្នុងឆ្នាំនេះ ហើយគេសង្ឃឹមថា ប្រធានាធិបតីចិន អាចនឹងមកបំពេញទស្សនកិច្ចនៅកូរ៉េខាងជើង នៅពេលឆាប់ៗខាងមុខនេះ។
រឿងដាច់ដោយឡែកមួយទៀត កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីអាមេរិក លោកដូណាល់ ត្រាំ បាននិយាយថា ជំនួបរវាងលោក និងគីម ជុងអ៊ុន អាចនឹងកើតមាននៅក្នុងខែមករា ឬកុម្ភៈ សម្រាប់កិច្ចប្រជុំកំពូលលើកទី២ ហើយទីតាំង៣ កំពុងត្រូវបានជ្រើសរើសសម្រាប់កិច្ចប្រជុំនេះ៕