ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង១៧និង១៥នាទី ថ្ងៃទី ០៤ ខែ ធ្នូ ឆ្នាំ២០១៨ មានករណីបាញ់សម្លាប់ខ្លួនឯងក្នុងបន្ទប់គេងរបស់ខ្លួនឯង ព្រោះតែមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ បានកើតឡើងនៅកំពង់ទូកដរ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះធ្វើអត្តឃាតសម្លាប់ខ្លួនឯងនេះ មានឈ្មោះ វ៉ាន់ រ៉ាម៉ុន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនាយករងនាយកដ្ឋានអន្តោប្រវេសន៍ និងជាម្ចាស់ភាគហ៊ុនកំពង់ចម្លងអរិយក្សត្រ-ភ្នំពេញ មានទីលំនៅផ្ទះលេខ ៣៣៤EOZ ភូមិ៤ ផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាកើតហេតុ មានតំណាងម្នាក់ឈ្មោះ វ៉េង ដារិទ្ធ ជអ្នកមើលការខុសត្រូវកំពង់ដរ បានចូលក្នុងផ្ទះរបស់ជនរងគ្រោះ ឈ្មោះវ៉ាន់ រ៉ាម៉ុន ដើម្បីបូមប្រេង ស្រាប់តែពេលនោះទ្វាររបងបានបិទខ្ទាស់គន្លឹះក្នុងជាប់ ក៏អ្នកតំណាងរូបនោះផ្លោះរបងចូលរៀបទុយោប្រេង។
សមត្ថកិច្ចបានបន្តទៀតថា ក្រោយពេលអ្នកតំណាងបានរៀបចំទុយោបូមប្រេងហើយ ក៏ដើរទៅគោះទ្វារបន្ទប់ហៅជនរងគ្រោះ តែមិនឮឆ្លើយសោះ ពេលនោះអ្នកតំណាងរូបនោះបានរុញទ្វារដើរចូលទៅ ក៏ឃើញជនរងគ្រោះដេកស្លាប់លើគ្រែដែកក្រាលពូក និងហូរឈាមពេញលើឥដ្ឋការ៉ូ ក៏ធ្វើឲ្យមានភ្ញាក់ផ្អើល បន្ទាប់មកក៏រាយការណ៍ជូនសមត្ថកិច្ចតែម្តង។
ក្រោយពីកើតហេតុ សមត្ថកិច្ច កម្លាំងជំនាញបច្ចេកស្រុក សហការជាមួយកម្លាំងជំនាញបច្ចេកទេសខេត្ត និង ពេទ្យមណ្ឌលសុខភាពអរិយក្សត្រ មេឃុំ ភូមិ បានចូលរួម ពិនិត្យសាកសព រួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួន ដោយប្រើបាស់អាវុធខ្លី K59 របស់ខ្លួនឯង បាញ់ចំនួន០១គ្រាប់ ចំណុចលើសៀតផ្កាខាងស្ដាំ ធ្លាយមកសៀតផ្កាខាងខាងឆ្វេង ស្លាប់នៅលើគ្រែ ជើងម្ខាងគងនៅលើកៅអីបង្អែក ក្នុងសភាព ពាក់ស្បែកជើង និងស្រោមជើង។ ហើយនៅក្បែខ្លួនសាកសព សមត្ថកិច្ចបានរកឃើញអាវុធខ្លី១ដើម ម៉ាក K ៥៩, លេខ៣១១៧, បង់៣, ១៧គ្រាប់, សំបកគ្រាប់១ និងក្បាលគ្រាប់១។
ក្រោយពីធ្វើកោសល្យវិច័យសាកសពរួច សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះបានជួបវិបត្តិធ្ងន់ធ្ងរ ដែលអាចឲ្យជនរងគ្រោះសម្រេចចិត្តគិតខ្លីបែបនេះ៕