ខេត្តបាត់ដំបង ៖ ស្ត្រីជាអ្នកបើកកន្លែងកែសម្ជស្សក្នុងផ្សារណាត់ ក្រុងបាត់ដំបងម្នាក់ បាននាំកូនប្រុសតូចរបស់ខ្លួនទៅហាងជាមួយ លុះ រវល់ធ្វើក្រចកឱ្យភ្ញៀវភ្លេចខ្លួន ស្រាប់តែកូនប្រុស ដើរវង្វេងទៅណាបាត់មិនដឹង ធ្វើឱ្យស្ត្រីជាម្តាយភ័យឆោឡោ តាមស្វែងរកកូនប្រុសសព្វកន្លែង នៅតែមិនឃើញ ក៏រត់ទៅប្តឹងសមត្ថកិច្ចផង ប្រកាសរកតាមហ្វេសប៊ុកផង ស្រាប់តែរំលងបាន១ថ្ងៃ ក៏ត្រូវគេប្រទះឃើញ សាកសពក្មេងប្រុស រងគ្រោះអណ្តែតក្នុងទឹកស្ទឹងសង្កែ ជាហេតុធ្វើឱ្យស្ត្រីជាម្តាយចុះទៅស្រង់បីសពកូនប្រុសឡើងមកលើគោក ទួញសោកបោកខ្លួនស្ទើរសន្លប់ បង្កឱ្យការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទឹកស្ទឹងសង្កែ ទល់មុខហាង ភឋឋា ជៀមផានយ ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ក្មេងប្រុសរងគ្រោះមានឈ្មោះដេត រ៉ាឌីន អាយុ៣ឆ្នាំ មានម្តាយឈ្មោះឡុង ចន្ថា អាយុ៣៩ឆ្នាំ មុខរបរ ជាបើកកន្លែងកែសម្ជស្សនៅក្នុងផ្សារណាត់ ក្រុងបាត់ដំបង និងមានលំនៅក្នុងភូមិសួសអី ឃុំពាមឯក ស្រុកឯកភ្នំ។
តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា គេបានឮក្មេងៗនៅម្តុំផ្សារណាត់និយាយថា ពេលដែលបាត់ពីក្នុងតូបម្តាយនោះ ក្មេងប្រុសរងគ្រោះដើរទៅចុះលេងទឹកស្ទឹងសង្កែជាមួយក្មេងៗប៉ុន្មាននាក់ទៀត នៅខាងកើតផ្សារណាត់ នោះ តែពួកក្មេងៗទាំងនោះមិនបានដឹងថា ក្មេងប្រុសរងគ្រោះលង់ទឹកទេ ដោយស្មានថា ឡើងគោកវិញបាត់ហើយ។
ក្រោយកើតហេតុ សមត្ថកិច្ចជំនាញបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចក៏ប្រគល់សាកសពទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕