ភ្នំពេញ ៖ យុវជនម្នាក់ក្រោយពីប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ក៏ចេះតែបង្ករឿង អុកឡុកពេញផ្ទះ រករឿងឈ្លោះប្រកែកជាមួយបងប្អូនឪពុកម្តាយជាប់ជាប្រចាំ លុះបងប្រុសស្តី ប្រដៅតិចតួច ស្រាប់តែផ្ទុះកំហឹងស្ទុះទៅវាយ បងប្រុស ទើបម្តាយចេញទៅឃាត់ ស្រាប់តែ កូនប្រុសកំណាច មិនត្រឹមតែមិនស្តាប់ នៅថែមទាំងទាញដែកវាយសំពងម្តាយរយះក្បាល រួច យកកាំបិតប៉័ងតោមកគំរាមអារកសម្លាប់ម្តាយចោលទៀត បង្កឱ្យមានការផ្អើលឡើង កាលពីវេលាម៉ោង៦ និង៤០នាទីព្រលប់ ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
កូនប្រុសរមិលកុណ មានឈ្មោះប៉ែន សុទ្ធារ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ។ ចំណែកស្ត្រីជាម្តាយ មានឈ្មោះយន់ ចាន់ស៊ីណាត អាយុ៤៦ឆ្នាំ មុខរបរចុងភៅ មានលំនៅក្នុងភូមិ សង្កាត់កើតហេតុខាងលើ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ បានចុះឃាត់ខ្លួនជនបង្កហេតុខាងលើ នាំយកទៅសាកសួរ និងរៀបចំកសាងសំណុំរឿងបញ្ជូនទៅជំនាញផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការតាមនីតិវិធី៕