សហរដ្ឋអាមេរិក បាននិយាយថា ខ្លួននឹងព្យួរកាតព្វកិច្ចពីសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរសម័យសង្គ្រាមត្រជាក់ ប្រសិនបើទីក្រុងមូស្គូ មិនវិលត្រឡប់ទៅអនុវត្តកិច្ចព្រមព្រៀងនេះ ក្នុងរយៈពេល60ថ្ងៃ។ សហរដ្ឋអាមេរិក ចង់ឱ្យប្រទេសរុស្ស៊ី រំលាយចោលកម្មវិធីផលិតមីស៊ីល។ នេះបើយោងតាមប្រភពព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃនេះ។
លោក Mike Pompeo រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា “ទីក្រុងវ៉ាស៊ីនតោន អាចនឹងដកខ្លួនចេញពីសន្ធិសញ្ញាកងកម្លាំងអាវុធនុយក្លេអ៊ែរ រយៈពេលវែងមធ្យម ឆ្នាំ1987 ប្រសិនបើទីក្រុងមូស្គូ មិនដកប្រព័ន្ធមីស៊ីលថ្មីៗ ដែលអាចគំរាមកំហែងទៅដល់ការប្រណាំងប្រជែងសព្វាវុធលើពិភពលោក។
នៅក្នុងជំនួបប្រជុំសម្ព័ន្ធមិត្តអង្គការណាតូ ក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក សហរដ្ឋអាមេរិក បានចោទប្រកាន់រុស្ស៊ី ថា រំលោភទៅលើសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរ រយៈចម្ងាយវែង និងមធ្យម ឆ្នាំ1987 ដែលបានចុះហត្ថលេខាដោយសហរដ្ឋអាមេរិក និងរុស្ស៊ី។

កតិកាសញ្ញាឆ្នាំ1987 បានហាមសហរដ្ឋអាមេរិក និងរុស្ស៊ី មិនឱ្យមានផលិត ឬដាក់ពង្រាយមីស៊ីល បាញ់ពីដីទៅលើអាកាស និងមីស៊ីលឆ្លងទ្វីប ក្នុងរង្វង់ចន្លោះ500-5000គីឡូម៉ែត្រ។
កាលពីខែតុលា ក្រោយពីមានភាពតានតឹងរវាងទីក្រុងមូស្គូ ជាមួយនឹងបណ្តាប្រទេសនៅលោកខាងលិច លោកដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានប្តេជ្ញាថា និងដើរចេញពីសន្ធិសញ្ញាមួយនេះ ដោយនិយាយថា រុស្ស៊ី កំពុងតែរំលោភសន្ធិសញ្ញាជាមួយនឹងការផលិតប្រព័ន្ធមីស៊ីលថ្មីៗបន្ថែមទៀត។
លោក Mike Pompeo បានព្រមានរុស្ស៊ី ថា ប្រសិនបើរយៈពេល60ថ្ងៃ រុស្ស៊ី មិនព្រមធ្វើតាមទេ សហរដ្ឋអាមេរិក និងព្យួរបេក្ខភាពរបស់ខ្លួន ចំពោះសន្ធិសញ្ញាមួយនេះ។ នៅក្នុងកិច្ចប្រជុំសម្ព័ន្ធមិត្តអង្គការណាតូ សហរដ្ឋអាមេរិក បាននិយាយថា ប្រព័ន្ធមីស៊ីលថ្មីៗរបស់រុស្ស៊ី មាន 9M 729 និងប្រភេទ SSC-8 គឺជាការរំលោភទៅនឹងសន្ធិសញ្ញាឆ្នាំ1987៕