យ៉ាងហោចណាស់ កម្មករសំណង់24នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារនៅក្នុងខេត្ត Papua ភាគខាងកើត ប្រទេសឥណ្ឌូណេស៊ី កាលពីរាត្រីថ្ងៃអង្គារ ទី04 ខែធ្នូ ឆ្នាំ2018។ នេះបើយោងតាមប្រភពព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃនេះ។
អាជ្ញាធរក្នុងតំបន់ បានឱ្យដឹងថា ទាហានម្នាក់ក៏ត្រូវបានគេបាញ់សម្លាប់ផងដែរ មុនពេលប៉ូលិសមួយក្រុម និងកងកម្លាំងសន្តិសុខ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីស៊ើបអង្កេត។ កម្មករទាំងនោះ កំពុងសាងសង់ផ្លូវថ្នល់ និងស្ពាននៅក្នុងតំបន់ភ្នំដាច់ស្រយាល ក្នុងខេត្ត Papua។
អាជ្ញាធរដដែលនោះ បានឱ្យដឹងទៀតថា សាកសពកម្មករបានប្រទះឃើញនៅជិតស្ពានមួយកន្លែង ដែលពួកគេកំពុងសាងសង់។ ក្រោយការវាយប្រហារ ពុំមានក្រុមណាមួយចេញមុខទទួលខុសត្រូវ។

យោងតាមសាក្សីម្នាក់ ដែលជាកម្មករសំណង់ស្ពានថ្នល់ដែរនោះ បានឱ្យដឹងថា មូលហេតុដែលនាំឱ្យមានការផ្ទុះអាវុធនេះ បន្ទាប់ពីមានកម្មករម្នាក់ថតរូបក្រុមពួកបំបែកខ្លួន ដែលធ្វើឱ្យពួកគេខឹងសម្បា ហើយក៏បាញ់មកលើកម្មករតែម្តង។
គួរបញ្ជាក់ថា ខេត្ត Papua បានប្រកាសឯករាជ្យផ្តាច់ចេញពីប្រទេសហូឡង់ កាលពីឆ្នាំ1961ហើយរយៈពេល8ឆ្នាំ ក្រោយមកត្រូវបានបញ្ចូលមកប្រទេសឥណ្ឌូណេស៊ី៕