ខេត្តព្រៃវែង ៖ ស្ត្រីចំណាស់ម្នាក់ បានទូរស័ព្ទទៅសួរសុខទុក្ខកូនប្រុស ដែលមានជំងឺប្រចាំកាយរាប់ឆ្នាំមកហើយ លុះទូរស័ព្ទចូលតែគ្មានអ្នកលើកសោះ ទើបនឹកឆ្ងល់ ក៏ជិះម៉ូតូចេញទៅតាមរកមើលកូនប្រុសដល់ផ្ទះ លុះទៅដល់ក៏ប្រទះឃើញកូនប្រុសចងកស្លាប់បាត់ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង រួចរាយការណ៍ប្រាប់សមត្ថកិច្ច កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែឆ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិ១ ឃុំព្រែកខ្សាយ(ខ) ស្រុកពាមរក៍។
បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាត មានឈ្មោះអ៊ុំ កុសល អាយុ៤៣ឆ្នាំ មុខរបរលក់ដូរ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
ក្រោយពីទទួលបានព័ត៌មានខាងលើ សមត្ថកិច្ចជំនាញ បានចុះទៅពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកសម្លាប់ខ្លួនប្រាកដមែន ដោយប្រើខ្សភ្លើងពណ៌ស ចងកទៅធ្នឹមផ្ទះ កម្ពស់ពីដី២ម៉ែត្រ បណ្តាលឱ្យស្លាប់។ មូលហេតុ ដោយសារតែតូចចិត្តនឹង ជំងឺរ៉ាំរ៉ៃប្រចាំកាយព្យាបាលមិនជា។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕