កាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ មានករណីស្ត្រីម្នាក់បានគិតខ្លី សម្រេចចិត្តចងកធ្វើអត្តឃាតនៅក្នុងតូបលក់ដូរខ្លួនឯង ដោយមិនទាន់ដឹងមូលហេតុ ហេតុការណ៍នេះកើតឡើងនៅជាន់ទី១ ស្ថិតក្នុងផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
ស្ត្រីរងគ្រោះមានឈ្មោះ ស្វាយ សុផល អាយុ៦៣ឆ្នាំ ជាអាជីករលក់ខោអាវជជុះ ស្នាក់នៅផ្ទះលេខ១៥៦E1 ផ្លូវ១៨២ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក។
តាមប្រភពពីអាជីវករក្បែរតូបស្ត្រីរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញស្ត្រីរងគ្រោះមានទឹកមុខស្រពាប់ស្រពោន តែមិនទាន់បានសួរនាំអ្វីទាំងអស់ ស្រាប់តែមកដល់ម៉ោងកើតហេតុ គាត់ក៏បានឃើញស្ត្រីរងគ្រោះចងកជាប់នឹងបង្អួច ដោយយកក្រមាចងជាប់នឹងចង្រឹងបង្អួច ពេលនោះគាត់ក៏បានស្រែកហៅអាជីវករផ្សេងទៀត ឲ្យមកជួយសង្គ្រោះផងដែរ តែអកុសល គាត់បានស្លាប់បាត់ទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើល និងបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីចុះអន្តរាគមន៍។
ប្រភពបានបន្តថា ក្រោយកើតហេតុ ពួកគាត់បានឃើញក្រុមគ្រួសារស្ត្រីរងគ្រោះបានមកដល់ តែមិនមែនសោកស្តាយរឿងម្តាយស្លាប់នោះទេ គឺបានឈ្លោះគ្នាផ្អើលផ្សារ នាំឲ្យក្រុមអាជីវករហួសចិត្តគ្រប់គ្នា។
បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងធ្វើកោសល្យវិច័យលើសាកសព៕