Monday, September 15, 2025
Homeព័ត៌មានជាតិបងស្រីដេកកំដរ បង្ហោះសារក្រៀមក្រំ ល្ងាចនេះសពប្អូនប្រុសត្រូវបូជាហើយ

បងស្រីដេកកំដរ បង្ហោះសារក្រៀមក្រំ ល្ងាចនេះសពប្អូនប្រុសត្រូវបូជាហើយ

ភ្នំពេញ ៖ ក្រោយពីប្អូនប្រុសបានទទួលមរណភាពក្នុងហេតុកាណ៍គ្រោះអគ្គិភ័យ បងប្អូនជនរងគ្រោះមានការសោកស្តាយជាពន់ពេក រហូតនាំគ្នាមកគេងកំដរសពប្អូន គ្រប់ៗគ្នា ដែលរូបភាពនេះ មើលទៅគួរឲ្យសោកសង្រេងជាទីបំផុត។

នារីជាបងស្រីដែលមានគណនីហ្វេសប៊ុក ឈ្មោះ ចំរើន ច័ន្ទលីនដា បានបង្ហោះសារក្រៀមក្រំថា “យប់នេះពួកបងគេងកំដរប្អូនប្រុសពៅណា… វិមាន បងស្រលាញ់និងនឹកអូន បងសូមទោសដែលបងមិនដែលនិយាយពាក្យនេះទៅអូនសូម្បីតែម្តងទោះជាក្នុងចិត្តនិងបេះដូងបងមានវារហូតមក អរគុណក្មេងល្អ ដែល២៤ឆ្នាំមកនេះ អូនមិនដែលធ្វើរឿងអាក្រក់រឺខុសសូម្បីតែ១ អរគុណដែលមករួមកំណើតនឹងបង ស្រលាញ់អូនណាស់”។

នៅថ្ងៃនេះ គណនីហ្វេសប៊ុកដដែល បានបន្តបង្ហោះសារថែមទៀតថា “បងមកបន្ទប់អូន មកនាំអូនទៅវត្តណាអូនណា ប៉ាម៉ាក់បងប្អូនញាតិមិត្តគេកំពុងរៀបចំធ្វើបុណ្យបញ្ជូនកុសលអោយអូនទៅកាន់ទីស្ងប់ ទៅឋានដែលផុតទុក្ខ អាវទទួលសញ្ញាប័ត្រអូននៅទីនេះ សៀវភៅរៀនអូនក៏នៅល្អ ចាំថ្ងៃទទួលសញ្ញាប័ត្រអូនបងនាំអូនទៅទទួលណា មិត្តភក្តិនៅសាលាគេស្រលាញ់អូនគ្រប់គ្នា ក្មេងល្អ ក្មេងពូកែ”។

គួរបញ្ជាក់ថា កាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ ហេតុការណ៍គ្រោះអគ្គិភ័យដ៏រន្ធត់មួយ បានកើតឡើងយ៉ាងសន្ធោសន្ធៅទាំងកណ្តាលរាត្រី នៅចំណុចលំនៅដ្ឋានមួយកន្លែងក្នុងបុរីចំការមន លុះម្ចាស់ផ្ទះជាបងស្រីភ្ញាក់ដឹងខ្លួន ក៏រត់ចេញមកក្រៅទាន់ អកុសលតែបុរសជាប្អូនទម្រាំភ្ញាក់ដឹងខ្លួនយឺតពេលទៅហើយ ដោយភ្លើងបានឆេះរលាកពេញ ខ្លួន និងបានព្យាយាមស្ទុះរត់ចេញមកវ៉េរង់ដាខាងមុខផ្ទះជាន់ទី២ ស្រែកសុំជំនួយ លុះសមត្ថកិច្ចកំពុងរៀបជណ្តើរដាក់ឡើងទៅសង្គ្រោះ ស្រាប់តែ ជនរងគ្រោះ បានសម្រេចចិត្តលោតទម្លាក់ខ្លួនចុះក្រោម បណ្តាលឱ្យបោកទៅនឹងថ្មរងរបួសកាន់តែធ្ងន់ថែមមួយជាន់ទៀត លុះដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ ក៏ដាច់ខ្យល់ស្លាប់នៅលើរថយន្តសង្គ្រោះយ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលឡើង នៅចំណុចផ្ទះលេខ G17 ក្នុងបុរីចំការមន ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ មានឈ្មោះចំរើន មាសសុវិមាន អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះកើត ហេតុខាងលើ និងមានស្រុកកំណើតនៅឯក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានទាក់ទងហៅរថយន្តសង្គ្រោះបន្ទាន់មកដឹកបញ្ជូនជនរងគ្រោះ បំណងយកទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត ដែរ តែអកុសល ដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរខ្លាំងពេក ទើបជនរងគ្រោះទ្រាំទ្រលែងបាន ក៏ដាច់ខ្យល់ស្លាប់នៅលើរថយន្តសង្គ្រោះបន្ទាន់ យ៉ាងអាណោចអាធ័ម និងត្រូវបានរថយន្តសង្គ្រោះដឹកត្រឡប់មកកាន់លំនៅដ្ឋានវិញ ប្រគល់ឱ្យក្រុមគ្រួសារ ហើយក្រុមគ្រួសារក៏បានដឹកសពជនរងគ្រោះទៅតម្កល់នៅវត្តឧត្តរាវត្តី ស្ថិតក្នុងខណ្ឌឫស្សីកែវ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES