ខេត្តពោធិ៍សាត់ ៖ ករណីគ្រោះអគ្គិភ័យមួយ បានកើតឡើង ដោយបុរសម្នាក់ ត្រូវម្តាយអះអាងថា បានប្រើប្រាស់ថ្នាំញៀន រហូតដល់វង្វេងស្មារតី លែងដឹងខុសត្រូវអស់ទៅហើយ ចេះតែដើរនិយាយស្តីម្នាក់ឯង រកស្តាប់មិនយល់ លុះក្រោយពេលក្រោកពីដេកពាក់កណ្តាលអធ្រាត្រ ក៏ស្រាប់តែធ្វើសកម្មភាពដុតផ្ទះ បណ្តាលឱ្យ ឆេះអស់១កំណាត់ផ្នែកខាងក្រោយ ទីបំផុត ស្ត្រីជាម្តាយទ្រាំលែងបានក៏ប្តឹងសមត្ថកិច្ចឱ្យចាប់កូនប្រុសកំណាចរូបនេះ យកទៅចាត់ការតាមច្បាប់ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នោចំណុចអូរតក់ឡក់ ស្ថិតក្នុងភូមិស្ទិងឹថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង។
ជនបង្កហេតុ មានឈ្មោះពុំ ហៀន អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ី។ ចំណែកស្ត្រីរងគ្រោះជាម្តាយ និងជាម្ចាស់ផ្ទះ មានឈ្មោះឆាំ រឿន អាយុ៥១ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។
សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ នៅវេលាម៉ោង១០ និង៥០នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ចក៏បានចុះឃាត់ខ្លួនឈ្មោះពុំ ហៀន ដែលកំពុងដេកនិយាយម្នាក់ឯងលើរានក្បែរមាត់អូរតក់ឡក់ខាងក្រោយផ្ទះរបស់ខ្លួន និងបានរកឃើញសម្ភារសម្រាប់ជក់ថ្នាំញៀនមួយកំប្លេ និងស្នាមឆេះផ្ទះនៅហ៊ុយផ្សែងនៅឡើយ បន្ទាប់មកសមត្ថកិច្ចបានធ្វើតេស្តទឹកនោមរបស់ឈ្មោះ ពុំ ហៀន ស្វែងរកសារធាតុញៀន ជាលទ្ធផលឃើញវិជ្ជមាន ។
ដោយស្ត្រីជាម្តាយ ពុំមានលទ្ធភាពយកកូនទៅដាក់មណ្ឌលកែប្រែ ទើបសំណូមពរឱ្យសមត្ថកិច្ចបញ្ជូនកូនប្រុសគាត់ទៅកែប្រែខ្លួននៅក្នុងពន្ធនាគារ តាមច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន៕