Friday, July 4, 2025
Homeព័ត៌មានជាតិជើងខ្លាំងបើកបំពានភ្លើងស្តុប បុកគេស្លាប់ហើយ រត់បាត់ស្រមោល

ជើងខ្លាំងបើកបំពានភ្លើងស្តុប បុកគេស្លាប់ហើយ រត់បាត់ស្រមោល

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ  រថយន្តទំនើប ម៉ាកធុនដ្រា (TUNDRA) ១គ្រឿង បើកបោះពួយយ៉ាង ដោយបំពានភ្លើងសញ្ញាចរាចរណ៍ រួចក៏ជ្រុលទៅបុកបុរសម្នាក់ដែលកំពុងដើរឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យស្លាប់យ៉ាងអាណោចអាធ័ម ចំណែកអ្នកបើករថយន្តបានព្យាយាមបន្ថែមល្បឿន គេច ចេញពីកន្លែងកើតហេតុ និងបានយករថយន្តទៅលាក់នៅក្នុងហាងខារ៉ាអូខេ១កន្លែង តែត្រូវសមត្ថកិច្ចតាមរកឃើញអូសរថយន្តយកមកទុក បានកើតឡើងកាលពីវេលាម៉ោង៦ និង១០នាទីព្រលប់ ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចខាងមុខផ្សារដើមគរ តាមបណ្តោយផ្លូវម៉ៅសេទុង កែងផ្លូវលេខ៣៣៦ ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

 

ជនរងគ្រោះមានឈ្មោះអែម រស្មី អាយុ៤៥ឆ្នាំ មុខរបរជាកម្មករស៊ីឈ្នួលអូសរទេះបន្លែនៅផ្សារនាគមាស ស្នាក់នៅបន្ទប់ជួលក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងមានស្រុកកំណើតនៅស្រុកស្អាង ខេត្តកណ្តាល។ ចំណែករថយន្តបង្កម៉ាក តូយ៉ូតា ធុនដ្រា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2AD-7000 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានរត់គេចខ្លួនួបាត់ ស្រមោល។

 

 

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើ បានលីស្រាបៀរ១កេស ដោយធ្វើដំណើរថ្មើរជើងចេញពីផ្សារ ហើយបានដើរឆ្លងផ្លូវម៉ៅសេទុង ក្នុងទិសដៅពីកើតទៅលិច។ លុះដើរឆ្លងបានពាក់កណ្តាលផ្លូវ ក៏ស្រាប់តែត្រូវរថយន្តធុនដ្រា ខាងលើ បើកបរតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង បានបើកបំពានភ្លើងសញ្ញាចរាចរណ៍ ក្នុងល្បឿនយ៉ាងលឿន រួចក៏ជ្រុលទៅបុកបុរសរងគ្រោះពេញទំហឹង និងកិនពីលើបុរសរងគ្រោះបណ្តាលឱ្យរងរបួសបែកក្បាលធ្ងន់ធ្ងរ និងត្រូវបានគេដឹកបញ្ជូនតាម រថយន្តសង្គ្រោះ ទៅកាន់មន្ទីរពេទ្យកាន់ម៉ែត ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសលដោយសារតែស្ថានភាពរបួសធ្ងន់ធ្ងរពេក ទើបបុរសរងគ្រោះ បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអធ័ម។

ដោយឡែក រថយន្តបង្ក នៅពេលបើកបុកជនរងគ្រោះរួចហើយ ក៏បានព្យាយាមបើករត់គេចខ្លួន ទៅឈប់ចតនៅក្នុងខារ៉ាអូខេមួយកន្លែង យីហោ “ដាប់ប៊ែលយូ” ដែលមានទីតាំងនៅតាមបណ្តោយផ្លូវលេខ២៣០ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក  បន្ទាប់មកអ្នកបើកបរ ក៏បានចុះពីលើរថយន្តរួចគេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកតែរថយន្តបង្កនៅក្នុងខារ៉ាអូខនោះ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ និងទាក់ទងទៅសមត្ថកិច្ចជំនាញឱ្យចុះមកធ្វើការវាស់វែង និងស្រាវជ្រាវរកឃើញរថយន្តបង្ក រួចក៏ស្ទូចយករថយន្តបង្កនោះចេញពីហាងខារ៉ាអូខេ យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានី ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកធ្វើការដោះស្រាយនៅពេលក្រោយ។

ចំណែកសពបុរសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕

RELATED ARTICLES