ភ្នំពេញ ៖ នារីរូបស្រស់ម្នាក់ មានឈ្មោះអន សុខណាង អាយុប្រហែល៣០ឆ្នាំ បានចូលទៅផឹកស៊ីតែម្នាក់ឯង នៅក្នុងក្លឹបរាត្រី យីហោ HEART of Darkness Club មានទីតាំងនៅម្តុំសូរិយាម៉ល ផ្លូវលេខ៥១ (ប៉ាស្ទ័រ) សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ស្រាប់តែត្រូវបុរសជាជនបរទេសម្នាក់ផឹកស្រវឹង បានចូលមកចាប់ឱបថើបលូកលាន់ ជាហេតុធ្វើឱ្យនារីរងគ្រោះខឹង ក៏ប្រឹងរើបម្រាស់រួចទះ១កំផ្លៀង និងបានស្រែកឆោឡោហៅសន្តិសុខក្លឹប និងអ្នកគ្រប់គ្រងក្លឹបឱ្យជួយដែរ តែគ្មានអ្នកអើពើសោះ ទើបនារីរងគ្រោះបានជិះម៉ូតូកង់បី ទៅដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តែទម្រាំសមត្ថកិច្ចចុះ មកដល់ជនសង្ស័យបានរត់គេចខ្លួនបាត់ទៅហើយ បង្កឱ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤និង០៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨។
នារីរងគ្រោះ បានប្រាប់ថា បន្ទាប់មកពីមានបុរជនបរទេសនោះមកឱបថីប ក៏មានអ្នកគ្រប់គ្រងក្លឹប ចេញមកសុំនិយាយសម្របសម្រួល ព្រោះមិនចង់ឱ្យមានរឿងវែងឆ្ងាយ និងខ្លាចប៉ះពាល់ដល់ក្លឹបរបស់ខ្លួន តែនាងបានតបទៅវិញថា ចុះនាងជាមនុស្សស្រីត្រូវគេមកបំពាន លូកលាន់ក្នុងក្លឹបដែលលោកគ្រប់គ្រង ហេតុអ្វីមិនជួយ? លុះមួយសន្ទុះក្រោយមក អ្នកគ្រប់គ្រងក្លឹប បាននិយាយទៅកាន់នារីរងគ្រោះថា បើអ្នកនាងសង្ស័យថា ខាងក្នុងមានលាក់ទុកបុរសបរទេសនោះ ខ្ញុំនាំអ្នកនាងចូលទៅឆែករកមើលទាំងអស់គ្នា តែត្រូវនារីរងគ្រោះឆ្លើយថា ជាងមួយម៉ោងទៅហើយ វាហួសពេលដែលត្រូវរកហើយ។
ក្រោយកើតហេតុ នារីរងគ្រោះបានត្រឹមទ្រហោយំ ហៅរ៉ឺម៉កម៉ូតូកង់បី ជិះចេញទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលផ្សារថ្មី៣ ដើម្បីឱ្យជួយអន្តរាគមន៍រកយុត្តិធម៌ជូននាងប៉ុណ្ណោះ៕