Saturday, July 5, 2025
Homeព័ត៌មានជាតិមានស្បែកក្រាស់ប៉ុណ្ណឹងហើយ បាញ់ផ្អើលប្រជាពលរដ្ឋ ជាការហាត់ប្រាណ

មានស្បែកក្រាស់ប៉ុណ្ណឹងហើយ បាញ់ផ្អើលប្រជាពលរដ្ឋ ជាការហាត់ប្រាណ

ភ្នំពេញ ៖ បុរសជាមន្ត្រីនគរបាលម្នាក់ ក្រោយពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក ជិះម៉ូតូ១គ្រឿង ម៉ាកស៊ីរ៉ូស ពណ៌ក្រហម ពាក់ស្លាកលេខនគរបាល 1.1213 ត្រឡប់ទៅផ្ទះ បានធ្វើដំណើរតាមបណ្តោយផ្លូវលេខ៩៩ ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ចំណុច កើតហេតុខាងលើ មិនដឹងជាមានបញ្ហាអ្វី ក៏ឈប់ម៉ូតូ រួចដកកាំភ្លើងបាញ់មេឃ១គ្រាប់ បង្កឱ្យមានការភ្ញាក់ផ្អើល និងភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ និងបានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយអន្តរាគមន៍ ឃាត់មន្ត្រីនគរបាលបាញ់បោះសេរីរូបនោះ យកទៅសួរនាំ កាលពីវេលារំលងអធ្រាត្រ ឈានចូល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចជិតវត្តទួលអស់លោក តាមបណ្តោយផ្លូវ៩៩ ក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ហើយត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន។

មន្ត្រីនគរបាលដែលដកកាំភ្លើងខ្លីបាញ់១គ្រាប់ផ្អើលទាំងយប់នោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយសារមន្ត្រីនគរបាលរដ្ឋបាល សង្កាត់ឫស្សីកែវមិនអនុញ្ញាតឱ្យសួរនាំ។

ក្រោយកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ និងបានដកយកអាវុធខ្លី១ដើម រួចនាំខ្លួនជនបង្កដែលបាញ់បោះសេរីរូប នោះទៅសួរនាំ និងធ្វើកំណត់ហេតុ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីកែវអស់រយៈពេលជាង១ម៉ោង ទើបសមត្ថកិច្ចដឹកជនបង្កដែលបាញ់បោះសេរីនោះទៅ កាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដោយចុះតាមទ្វារក្រោយ និងហាក់មានការលាក់លៀមបិទបាំងអ្នកសារព័ត៌មាន ដោយហាម មិនឱ្យថត ឬមិនប្រាប់ឈ្មោះអត្តសញ្ញាណប័ណ្ណ ឬក៏អង្គភាពរបស់បុរសខាងលើ ថាតើជាមន្ត្រីនគរបាល នៅអង្គភាពណានោះទេ។

បច្ចុប្បន្នជនបង្កដែលបាញ់បោះសេរីនោះ និងវត្ថុតាំងបានបញ្ជូនទៅអធិការដ្ឋានខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕

RELATED ARTICLES