Saturday, July 5, 2025
Homeព័ត៌មានជាតិទាល់តែសមត្ថកិច្ចលួងលោម ទើបព្រមចេញ អូសដៃចូលប៉ុស្តិ៍ប៉ូលិស...

ទាល់តែសមត្ថកិច្ចលួងលោម ទើបព្រមចេញ អូសដៃចូលប៉ុស្តិ៍ប៉ូលិស…

ភ្នំពេញ ៖ បុរសម្នាក់ បានកើតមានទំនាស់ជាមួយបងថ្លៃប្រុសរបស់ខ្លួនជាយូរមកហើយ រហូតដល់ចងគំនុំទុកក្នុងចិត្ត លុះក្រោយពីប្រើប្រាស់ថ្នាំញៀនហួសកម្រិត (បែកថ្នាំ) ក៏នឹកឃើញរឿងចាស់ ស្ទុះទៅទាញដុំឥដ្ឋវាយសំពងបងថ្លៃ បណ្តាលឱ្យបែកក្បាលហូរឈាមជោកខ្លួនរងរបួសធ្ងន់ បន្ទាប់មកភ័យខ្លួនពេក ក៏រត់ចូលទៅសម្ងំក្នុងបន្ទប់ទឹក រហូតសមត្ថកិច្ចមកដល់បានប្រើវិធីសាស្ត្រលួងលោមជនសង្ស័យឱ្យចេញមកក្រៅ រួចចាប់វាយខ្នោះនាំមកប៉ុស្តិ៍។ លុះមកដល់វេលាម៉ោង១១ព្រឹក ថ្ងៃទីដដែល១០ ខែធ្នូ ឆ្នាំ២០១៨ ទើបជនរងគ្រោះនិងក្រុមគ្រួសារ បានមកដាក់ពាក្យបណ្តឹងឱ្យចាត់ការជនសង្ស័យជាប្អូនថ្លៃ តាមច្បាប់តែម្តង។

ករណីអំពើហិង្សាប្អូនថ្លៃវ៉ៃបងប្រុស១ដុំឥដ្ឋរយះក្បាលនេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្នុងផ្ទះលេខ១៧៨ ផ្លូវលំ ម្តុំផ្សារក្រមួន ក្រុមទី០១ ភូមិព្រែកតាឡុង ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ជនបង្កហេតុ មានឈ្មោះសាន្ត ប៊ុនថា អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ និងជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ស្នាក់នៅភូមិសង្កាត់ កើតហេតុខាងលើ។ ចំណែកជនរងគ្រោះ មានឈ្មោះប៉ែន ណាវឿន អាយុ៥១ឆ្នាំ មុខរបរធ្វើម្ហូបការ មានលំនៅផ្ទះកើតហេតុខាងលើជាមួយគ្នា (របួសក្បាលចំហៀងខាងឆ្វេង)។

បច្ចុប្បន្នជនសង្ស័យ ដែលស្ថិតក្នុងសភាពញៀនថ្នាំហួសកម្រិត រហូតដល់ថ្នាក់គ្រប់គ្រងខ្លួនឯងមិនបាននោះ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី៕

RELATED ARTICLES