ខេត្តបន្ទាយមានជ័យ ៈ អ្នកគ្រូពេទ្យប្រចាំមណ្ឌលសុខភាពម្នាក់ ទើបនឹងចាកចេញពីផ្ទះទៅបំពេញការងារ ស្រាប់តែត្រូវអគ្គិភ័យឆាប ឆេះផ្ទះយ៉ាងសន្ធោសន្ធៅ បង្កឱ្យមានការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋ រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ច ចុះបាញ់ទឹកពន្លត់ភ្លាមៗដែរ តែមិនអាចសង្គ្រោះទាន់ ទីបំផុត អគ្គិភ័យក៏លេបត្របាក់ផ្ទះខាងលើទាំងស្រុង សល់ត្រឹមតែផេះផង់ប៉ុណ្ណោះ បានកើតឡើង កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចផ្ទះអ្នកគ្រូពេទ្យម្នាក់ ស្ថិតក្នុងភូមិ និមិត្ត៣ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។
លំនៅដ្ឋានដែលទទួលរងការឆាបឆេះខាងលើ មានទំហំ៩ម៉ែត្រ គុណនឹង ១២ម៉ែត្រ ជាប្រភេទផ្ទះតៀម សង់ពីឈើប្រក់ស័ង្កសី ក្រាលការ៉ូ ជាកម្មសិទ្ធិរបស់ឈ្មោះឯម សារឿន ភេទស្រី អាយុ៤៨ឆ្នាំ មុខរបរជាគ្រូពេទ្យ បម្រើការងារនៅមណ្ឌលសុខភាពឃុំកូប ស្រុកអូរជ្រៅ។
តាមប្រភពពីស្ត្រីជាម្ចាស់ផ្ទះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានចាក់សោផ្ទះចោល រួចចេញទៅបំពេញការងារនៅមណ្ឌលសុខ ភាព ស្រាប់តែមិនបានប៉ុន្មានផង ក៏មានអ្នកភូមិទូរស័ព្ទមកប្រាប់គាត់ថា ផ្ទះរបស់គាត់ត្រូវភ្លើងឆេះ ទើបគាត់ប្រញាប់ ត្រឡប់មកផ្ទះវិញ ឃើញភ្លើង ឆេះផ្ទះគាត់យ៉ាងសន្ធោសន្ធៅ និងត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង មកជួយបាញ់ ទឹកពន្លត់ភ្លាមៗ ដែរ តែមិនអាចគ្រប់គ្រងស្ថានភាពបានឡើយ ទីបំផុត ផ្ទះរបស់គាត់ទាំងមូលត្រូវភ្លើងលេបត្របាក់អស់គ្មានសល់។
តាមការអះអាងពីអាជ្ញាធរមូលដ្ឋាន អគ្គិភ័យខាងលើ ផ្តើមចេញពីមូលហេតុ ទុស្សេខ្សែភ្លើងទូរទឹកកកនៅក្នុងផ្ទះ។ យ៉ាងណា គ្រោះ អគ្គិភ័យមួយនេះ មិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ ហើយក៏មិនបានរាលដាលដល់លំនៅដ្ឋានប្រជាពលរដ្ឋ ផ្សេងទៀតដែរ៕