ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង ដោយសារស្ត្រីរូបស្រស់ម្នាក់ ស្ថិតក្នុងសភាពស្រវឹងស្រាជោកជាំ បានបើករថយន្តស៊េរីទំនើប១គ្រឿងក្នុងល្បឿនយ៉ាងលឿន រួចក៏បោះពួយទៅបុកពីក្រោយរថយន្តប្រមូលសំរាមស៊ិនទ្រី១គ្រឿង យ៉ាងពេញទំហឹង បណ្តាលឱ្យរថយន្តទំនើបរបស់ស្ត្រីរូបស្រស់ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងបង្កឱ្យកម្មករប្រមូលសំរាមម្នាក់ ទទួលរងរបួសធ្ងន់។ ហេតុការណ៍បានបង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ជាប់របងឃ្លាំងសាំងសូគីមិចឬស្សីកែវ ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។
ស្ត្រីរូបស្រស់រូបនោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា បានបើករថយន្តទំនើប១គ្រឿង ម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AV-9595។ ចំណែកជនរងគ្រោះដែលរងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណដូចគ្នា គ្រាន់តែដឹងថា គឺជាកម្មករប្រមូលសំរាមរបស់ក្រុមហ៊ុនស៊ិនទ្រី។
ក្រោយកើតហេតុ កម្មករក្រុមហ៊ុនស៊ិនទ្រី ដែលរងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះបន្ទាន់យកទៅសង្គ្រោះ នៅឯមន្ទីរពេទ្យកាល់ម៉ែត។
បន្ទាប់មក សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់ទីតាំងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែង អូសយករថយន្តទាំងពីរគ្រឿង ទៅរក្សាទុកនៅការិយាល័យចរចារណ៍ផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕