ភ្នំពេញ ៖ ក្មេងស្រីអភ័ព្វទាំង២នាក់បងប្អូន ទី១-រត្ន័ រចនា អាយុ១៤ឆ្នាំ រៀនថ្នាក់ទី៦ និងទី២-ឈ្មោះរត្ន័ កញ្ញា អាយុ៩ឆ្នាំ រៀនថ្នាក់ទី៣ មានវាសនាអភ័ព្វខ្លាំងណាស់ ត្រូវឪពុកគ្មានការទទួលខុសត្រូវ រត់ចោលទៅមានស្រីថ្មី ទុកឱ្យម្តាយក្លាយជាស្ត្រីមេម៉ាយ ដើរស៊ីឈ្នួលគេចិញ្ចឹមគ្រួសារ លុះហេតុតែចង់រៀនសូត្រ ដើម្បីមានចំណេះវិជ្ជាជួយសម្រាលបន្ទុកម្តាយមេម៉ាយ ទើបក្មេងស្រីទាំង២នាក់បងប្អូន បានដឹកដៃគ្នាទៅទទូចសុំអន្តរាគមន៍ពីលោកស្រីចៅសង្កាត់ ដើម្បីមានឱកាសបានចូលសាលារៀនសូត្រ។ ក្មេងអភ័ព្វទាំង២ សព្វថ្ងៃស្នាក់នៅបន្ទប់ជួល ក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
ដោយមើលឃើញពីទុក្ខលំបាក និងចំណង់ចំណូលចិត្តរបស់ក្មេងស្រីទាំង២នាក់បងប្អូន ដែលពិតជាស្រលាញ់ការរៀនសូត្រខ្លាំងមែននោះ ទើបនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ លោកស្រីទៀប វណ្ណរឿង ចៅសង្កាត់កាកាប១ បានហៅក្មេងស្រីទាំង២នាក់បងប្អូន មកដល់សាលាសង្កាត់ ដើម្បីឧបត្ថម្ភជួយជាសម្លៀកបំពាក់ ថវិកាបន្តិចបន្តួចដល់ក្មេងកំសត់ ហើយជាងនេះទៅទៀត លោកស្រីបានសម្របសម្រួលឱ្យក្មេងទាំង២នាក់ បានចូលរៀនសូត្រនៅសាលាបឋមសិក្សាសុភមង្គលផងដែរ។
ជាមួយនេះ លោកស្រីចៅសង្កាត់ សូមធ្វើការអំពាវនាវផងដែរ ដល់សប្បុរសជន ក្នុងនិងក្រៅប្រទេស មេត្តាជួយឧបត្ថម្ភដល់ក្រុមគ្រួសារក្មេងស្រីទាំង២នាក់ តាមលទ្ធភាពផង៕