Saturday, July 5, 2025
Homeព័ត៌មានជាតិអូសដៃស្រីក្មេងរំលោភក្នុងគុម្ពោធព្រៃ ឳពុកម្តាយតាមទាន់

អូសដៃស្រីក្មេងរំលោភក្នុងគុម្ពោធព្រៃ ឳពុកម្តាយតាមទាន់

ខេត្តកណ្តាល ៖ នារីវ័យក្មេងម្នាក់ បានចុះពីលើផ្ទះ ដើរទៅរកបត់ជើងតូចនៅខាងក្រោយផ្ទះ ស្រាប់តែត្រូវប្រុសចំណាស់ល្មោភកាមម្នាក់ បានស្ទុះចូលមកចាប់អូសដៃចូលទៅក្នុងគុម្ពោតព្រៃ ចាប់រំលោភរហូតដល់បានសម្រេច តែដឹងអី ពេលនោះឪពុកម្តាយនារីរងគ្រោះតាមទាន់ ក៏ប្តឹងសមត្ថកិច្ចចាប់ជនល្មោភកាមខាងលើ យកទៅចាត់ការតាមច្បាប់។

ករណីបុរសចំណាស់ចាប់អូសដៃស្រីក្មេងចូលព្រៃរំលោភនេះ បានកើតឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។

ជនសង្ស័យល្មោភកាម ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសុខ សាត ហៅតាលុង​ ប៊ុង អាយុ៥៣ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើ។ ចំណែកនារីរងគ្រោះ មានឈ្មោះ ស.ម.ស.ម អាយុ១៥ឆ្នាំ មុខរបរកសិករ មានលំនៅក្នុងភូមិជាមួយគ្នា។

លោកនៅ នឿន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំឈើទាល បានបញ្ជាក់ឱ្យដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះខាងលើ បានចុះពីលើផ្ទះ ដើរទៅបត់ជើងតូចនៅខាងក្រោយផ្ទះ ស្រាប់តែភ្លាមនោះ ក៏លេចមុខជនសង្ស័យឈ្មោះ សុខ សាត ហៅតាលុង ប៊ុង ចេញមកចាប់អូសដៃនារីរងគ្រោះ ចូលទៅក្នុងគុម្ពោតព្រៃខាងក្រោយផ្ទះ ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចតែម្តង។

លោកនាយប៉ុស្តិ៍ បន្តថា បន្ទាប់មក ឪពុកម្តាយរបស់នារីរងគ្រោះ បាត់កូនស្រីយូរពេក នឹកឆ្ងល់ក៏ចុះតាមរក ស្រាប់តែប្រទះឃើញកូនស្រីនៅជាមួយជនសង្ស័យ ទើបស្រែកឆោឡោឡើងធ្វើឱ្យជនសង្ស័យភ័យក៏រត់គេចខ្លួនបាត់ទៅ។

ក្រោយកើតហេតុ ឪពុកម្តាយនារីរងគ្រោះបាននាំកូនស្រីទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកំពង់ស្វាយ ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យតែម្តង។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយពីទទួលបានពាក្យបណ្តឹងខាងលើ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ នាំមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច្ច ជនសង្ស័យឈ្មោះសុខ សាត ហៅតាលុងប៊ុង បានឆ្លើយសារភាពថា ខ្លួនពិតជាបានចាប់រំលោភនារីរងគ្រោះ រហូតបានសម្រេចប្រាកដមែន។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចរៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES