ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់ បានចេញបាត់ពីផ្ទះពេញ៣ថ្ងៃ ដោយគ្មានដំណឹងអ្វីទាល់តែសោះ ទោះជាក្រុមគ្រួសារដើរតាមស្វែងរកសព្វកន្លែងយ៉ាងណា នៅតែមិនឃើញ ជាហេតុធ្វើឱ្យស្ត្រីជាម្តាយភ័យសភ្នែក កាន់រូបថត ប្រកាសតាមរកកូនស្រី ប៉ុន្តែនៅមិនទាន់ទទួលបានដំណឹងអ្វីនៅឡើយ។
នារីវ័យក្មេងដែលនៅសុខៗបាត់ខ្លួនដោយ គ្មានដំណឹងនេះ មានឈ្មោះសុំ ស្រអែម អាយុ១២ឆ្នាំ មានលំនៅម្តុំលូ៥ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
តាមប្រភពពីស្ត្រីឈ្មោះអ៊ិច សារ៉ាន ត្រូវជាម្តាយនារីរងគ្រោះខាងលើ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ កូនស្រីរបស់គាត់ម្នាក់នេះ (នារីដែលបាត់ខ្លួន) បានដើរចេញពីផ្ទះដោយមិនបានប្រាប់ថា ទៅណានោះឡើយ រហូតដល់ម៉ោងបាយថ្ងៃត្រង់ទៅហើយ នៅតែមិនឃើញកូនស្រីត្រឡប់មកផ្ទះវិញទៀត ទើបគាត់និងក្រុមគ្រួសារនឹកឆ្ងល់ ក៏នាំគ្នាដើរតាមរក និងសួរតាមផ្ទះអ្នកភូមិ និងអ្នកស្គាល់គ្នាដែរ តែមិនមានអ្នកណាម្នាក់ប្រទះឃើញសោះ ពោលគឺបាត់ខ្លួនឈឹង មិនដឹងទៅណាជាមួយអ្នកណាឡើយ។
ក្រោយពីបាត់កូនស្រីរយៈពេល២ថ្ងៃទៅហើយ នៅតែមិនទាន់ឃើញកូនស្រីត្រឡប់មកផ្ទះវិញទៀត ណាមួយខ្លាចកូនស្រីត្រូវចាញ់ល្បិច មនុស្សមិនល្អ នាំយកទៅធ្វើបាបផងនោះ ទើបឪពុកម្តាយបានសម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ស្វែងរកតែម្តង និងបានកាន់រូបថតកូនស្រីប្រកាសតាមស្វែងរកសព្វកន្លែងដែរ តែមកដល់ពេលនេះ នៅមិនទាន់ទទួលបានដំណឹងអ្វីនៅឡើយ។
ជាមួយនេះ ក្រុមគ្រួសារនារីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានប្រទះឃើញកូនស្រីរបស់គាត់ មានភិនភាគដូចក្នុងរូបថត សូមជួយផ្តល់ដំណឹងដល់ពួកគាត់ផង ឬវិទ្យុអេប៊ីស៊ី តាមរយៈទូរស័ព្ទលេខ ០១២ ២៣ ១០ ១០ និង០៨៧ ២៣ ២៣ ២៣។
ហើយប្រសិនបើកូនស្រីបានដឹងដំណឹងនេះ សូមវិលត្រឡប់មកផ្ទះវិញ ដោយឪពុកម្តាយ មិនប្រកាន់ខឹងអ្វីទាំងអស់ សំខាន់ឱ្យតែកូនស្រីត្រឡប់មកវិញដោយសុវត្ថិភាព ឪពុកម្តាយសប្បាយត្រេកអរណាស់ទៅហើយ៕