ខេត្តកំពង់ធំ ៖ បុរសវ័យចំណាស់ម្នាក់ មានឈ្មោះថេង សិត អាយុ៥១ឆ្នាំ មុខរបរនេសាទត្រី ត្រូវប្រពន្ធរត់ចោលរាប់ឆ្នាំមកហើយ និងរស់នៅលើបែបណ្តែតទឹកតែម្នាក់ឯង ឈឺជាគ្មានអ្នកជួល មើលថែឡើយ លុះក្រោយពីបាត់ខ្លួន២ថ្ងៃ ស្រាប់តែត្រូវបានប្រជាពលរដ្ឋ អ្នកនេសាទ ប្រទះឃើញសពជនរងគ្រោះហើមប៉ោង អណ្តែតក្នុងទឹកទន្លេ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចតាមដងស្ទឹងសែនខាងត្បូងវត្តកំពង់ ចម្លង ចំងាយប្រមាណ២០០ម៉ែត្រ ស្ថិតក្នុងភូមិទួលនាងសាវ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ។
ក្រោយទទួលព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍ ព្រមទាំងរដ្ឋអំណាចមូលដ្ឋាន និងគ្រូពេទ្យ បានចូលរួមពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះមិនមានស្លាកស្នាមអ្វីជាប់ខ្លួនឡើយ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ ជនរងគ្រោះបានស្លាប់ដោយសារកើត ខ្យល់គរធ្លាក់ទឹកលង់ស្លាប់។ មូលហេតុដោយសារជនរងគ្រោះរស់នៅលើបែត្រីតែម្នាក់ឯង ពេលឈឺថ្កាត់យប់ព្រលប់ គ្មានអ្នកមើលថែ។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យលោកមេភូមិ និងប្រជាពលរដ្ឋរៀបចំធ្វើបុណ្យតាមប្រពៃណី៕