ភ្នំពេញ ៖ បុរសម្នាក់ជាជនជាតិចិន បានបើករថយន្តមួយគ្រឿង FORTUNER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AR-5493 មិនបានប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកពីគូទម៉ូតូមួយគ្រឿង ម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HC-0874 បណ្តាលឱ្យស្ត្រីជាអ្នកបើកម៉ូតូកំពុងមានផ្ទៃពោះជិតគ្រប់ខែផង បានដួលរងរបួសរយះជើង សំណាងល្អមិនប៉ះពាល់ដល់ទារកក្នុងផ្ទៃ បានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះមុនីវង្ស កែងផ្លូវភ្លោះ នៅចំណុចស្តុបកាណាឌីយ៉ា ស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។
ភ្លាមៗនោះដែលអ្នកបើកបររថយន្តជាជនជាតិចិនបានឈប់រថយន្ត ហើយចុះមកមើលស្ត្រីរងគ្រោះ ដើម្បីដោះស្រាយជួយចេញថ្លៃព្យាបាល រីឯរថយន្តនិងម៉ូតូវិញខូចខាតតិចតួចប៉ុណ្ណោះ មួយសន្ទុះក្រោយមក ក៏មានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនបានមកដល់ដឹកយកស្ត្រីរងគ្រោះយកទៅព្យាបាល។
ក្រោយពេលកើតហេតុ ខាងម្ចាស់រថយន្តខាងលើសុខចិត្តជួយចេញថ្លៃព្យាបាលនិងថ្លៃថ្នាំពេទ្យ ដើម្បីបញ្ចប់រឿង៕