Saturday, July 5, 2025
Homeព័ត៌មានជាតិកូនស្រីលេងសើចជាមួយប្រុស ឪពុករកតាមរឿង តាមពិតគាត់រំលោភ...

កូនស្រីលេងសើចជាមួយប្រុស ឪពុករកតាមរឿង តាមពិតគាត់រំលោភ…

ខេត្តពោធិ៍សាត់ ៖ បុរសម្នាក់បានធ្វើសកម្មភាពចាប់បង្ខំរំលោភកូនស្រីរបស់ខ្លួនរហូតបានសម្រេចជាបន្តបន្ទាប់ និងតែងគំរាមកូនស្រី មិនឱ្យនិយាយប្រាប់អ្នកណាដាច់ខាត រហូតដល់កូនស្រីចាប់ផ្តើមមានផ្ទៃពោះ ត្រូវបានសង្ស័យ នាំទៅពេទ្យពិនិត្យ ទើបបែកធ្លាយរឿងរ៉ាវ ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចចាប់អូសកប្តីល្មោភកាម យកទៅចាត់ការតាមច្បាប់។

ករណីឪបង្កើតចាប់រំលោភកូនស្រីនេះ បានកើតឡើងតាំងពីអំឡុងឆ្នាំ២០១៧ មកម៉្លេះ នៅចំណុចផ្ទះរបស់ខ្លួនក្នុងភូមិស្តុកខ្លា ឃុំរំលេច ស្រុកបាកាន។ លុះរឿងរ៉ាវបែកធ្លាយ ក៏ត្រូវស្ត្រីជាម្តាយក្មេងស្រីរងគ្រោះ ដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ រហូតឈានដល់ការចាប់ខ្លួនជនសង្ស័យ កាលពីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨។

ជនសង្ស័យដែលចាប់រំលោភកូនស្រីបង្កើតខ្លួនឯង រហូតមានផ្ទៃពោះ មានឈ្មោះសាំង សារុន មុខរបរកម្មករសំណង់។ ចំណែកនារីរងគ្រោះ មានឈ្មោះ ម.គ.ង អាយុ១៦ឆ្នាំ មុខរបរកម្មករសំណង់។ ឪពុកកូនខាងលើ មានលំនៅក្នុងភូមិ ស្តុកខ្លា ឃុំរំលេច ស្រុកបាកាន។

តាមសម្តីនារីរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ រូបនាង និងឪពុកបង្កើត (ជនសង្ស័យឈ្មោះសាំង សារុន) បានទៅធ្វើការសំណង់ជាមួយគ្នាជារៀងរាល់ថ្ងៃ លុះពេលជិះម៉ូតូត្រឡប់មកផ្ទះវិញ ឪពុកបង្កើតតែងឱ្យនាងឌុបរហូត ហើយពេលនាងឌុបគាត់ម្តងៗ ឱ្យតែដល់កន្លែងស្ងាត់ ឪពុកតែងតែយកដៃមកលូកឱបចង្កេះ និងលូកស្ទាបនាងរហូត។

នារីរងគ្រោះ បន្តថា លុះមកដល់អំឡុង ឆ្នាំ២០១៧ (មិនចាំថ្ងៃខែ) ខណៈដែលម្តាយរបស់នាងមិននៅផ្ទះ ស្រាប់តែឪពុកបានចាប់នាងរំលោភរហូតដល់បានសម្រេច និងថែមទាំងបានគំរាមនាងមិនឱ្យប្រាប់អ្នកណាទាំងអស់ ប្រសិនបើរូបនាងប្រាប់ម្តាយ គាត់នឹងវាយធ្វើបាបនាងចោលទាំងម្តាយទាំងកូន។ ចំណែកនាងដោយសារតែភ័យខ្លាច ទើបនាងមិនហ៊ានទម្លាយរឿងមួយនេះ ប្រាប់អ្នកណាឡើយ រហូតមកដល់ថ្មីៗនេះ នាងចាប់ផ្តើមមានផ្ទៃពោះ ត្រូវម្តាយសង្ស័យ នាំនាងទៅមន្ទីរពេទ្យពិនិត្យ ទើបបែកធ្លាយរឿងរ៉ាវតែម្តង។

តាមសម្តីស្ត្រីជាម្តាយរបស់នារីរងគ្រោះ បានរៀបរាប់ប្រាប់ថា កន្លងមក គាត់ចេះតែសង្ស័យថា ប្តី និងកូនស្រីម្នាក់នេះ (នារីរងគ្រោះ) ហាក់មានភាពស្និទ្ធស្នាលនឹងគ្នាប្លែកខុសធម្មតា ហើយពេលដែលមានប្រុសៗក្នុងភូមិស្រុកនិយាយលេងសើចជាមួយកូនស្រីម្តងៗ ប្តីរបស់គាត់ ចេះតែស្តីបន្ទោស រករឿងមិនឈប់ ពោលគឺហាក់ហួងហែងកូនស្រីនេះសម្បើមណាស់។ មិនតែប៉ុណ្ណោះ នៅក្រោយពេលហូបបាយល្ងាចជុំគ្នារួច ពួកគាត់តែងតែចូលមុងដេកជុំគ្នា ប៉ុន្តែប្តីរបស់គាត់តែងតែដេញគាត់ឱ្យទៅគេងគ្រែផ្សេង។

ស្ត្រីជាម្តាយនារីរងគ្រោះ បន្តថា ដោយសារតែមានការសង្ស័យ ទើបគាត់ចេះតែតាម សង្កេតកូនស្រីរហូតមក ស្រាប់តែថ្មីៗនេះ គាត់ប្រទះឃើញថា កូនស្រីមានសភាពស្លេកស្លាំងខុសធម្មតា ទើបគាត់បាននាំកូនស្រីទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ស្រាប់តែក្រុមគ្រូពេទ្យ បានបញ្ជាក់ថា កូនស្រីរបស់គាត់ម្នាក់នេះ មានផ្ទៃពោះហើយ។ បន្ទាប់មក កូនស្រីក៏ដាច់ចិត្តទម្លាយប្រាប់គាត់ថា នាងត្រូវឪពុកចាប់រំលោភតាំងពី ឆ្នាំ២០១៧ មកម៉្លេះ តែនាងមិនហ៊ានប្រាប់គាត់ជាម្តាយ ដោយសារតែត្រូវឪពុកគំរាម។ ភ្លាមៗនោះ គាត់ក៏សម្រេចនាំកូនស្រីទៅដាក់ពាក្យបណ្តឹង កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីឱ្យសមត្ថកិច្ចនគរបាលជួយអន្តរាគមន៍តែម្តង។

លោកស្រីឧត្តមសេនីយ៍ត្រី ចាប យ៉ម ស្នងការរងទទួលបន្ទុកផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានថ្លែងបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ សមត្ថកិច្ចបានកោះហៅជនសង្ស័យឈ្មោះសាំង សារុន ជាឪពុកបង្កើតដែលជាជនសង្ស័យ មកកាន់ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ សាំង សារុន បានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភកូនស្រីខ្លួនឯង រហូតដល់បានសម្រេចប្រាកដមែន ពោលគឺតាំងពីខែមេសា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណ១២យប់ នៅចំណុចលើគ្រែក្រោមផ្ទះរបស់ខ្លួន និងថែមទាំងគំរាមមិនឱ្យកូនស្រីនិយាយរឿងអាស្រូវនេះប្រាប់ម្តាយ និងអ្នកស្រុកដាច់ខាត។

លោកស្រីស្នងការរង បានបញ្ជាក់ថា ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES