ខេត្តកណ្តាល ៖ បុរសម្នាក់ មានឈ្មោះអាត់ សុខជា អាយុ៤៧ឆ្នាំ មុខរបរកសិករ មានប្រពន្ធឈ្មោះយី គឹមឡូត អាយុ៤២ឆ្នាំ មុខរបរកសិករ និងកូនក្នុងបន្ទុក៧នាក់ (ប្រុស២នាក់ ស្រី៥នាក់) ទើបនឹងត្រឡប់មកពីផឹកស៊ីស្រវឹងអួទីនួ មកដល់ផ្ទះ ក៏ចាប់ផ្តើមរករឿងឈ្លោះប្រកែក ដេញវាយប្រពន្ធ ទាំងកំរោល ធ្វើឱ្យស្ត្រីជាប្រពន្ធភ័យ ក៏រត់ទៅពួននៅក្រោយផ្ទះ ស្រាប់តែបុរសជាប្តី ហេតុតែមួម៉ៅក្តៅចិត្តដេញវាយប្រពន្ធមិនបាន ក៏សម្រេចចិត្ត ចងកសម្លាប់ខ្លួននៅក្នុងផ្ទះនះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦ និង២៥ព្រលប់ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចខាងក្នុងផ្ទះរបស់ជនរងគ្រោះ ស្ថិតនៅភូមិយសមេត្រី ឃុំលំហាច ស្រុកអង្គស្នួល។
ក្រោយទទួលបានសេចក្តីរាយការណ៍ខាងលើ សមត្ថកិច្ចបានចុះធ្វើការពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកប្រាកដមែន។
សាកសពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕