Monday, September 15, 2025
Homeព័ត៌មានជាតិប្តីបោកប្រពន្ធរៀបការប្រុសថ្មី គំរោងសុីដាច់លុយ២មុឺនដុល្លារ ស្រាប់តែធ្លាយរឿងមួយទៀត

ប្តីបោកប្រពន្ធរៀបការប្រុសថ្មី គំរោងសុីដាច់លុយ២មុឺនដុល្លារ ស្រាប់តែធ្លាយរឿងមួយទៀត

ខេត្តសៀមរាប ៖ បុរសកំហូចម្នាក់ មានឈ្មោះមាស រិទ្ធី ហៅសែម សំណាង អាយុ៣៣ឆ្នាំ មានស្រុកកំណើតនៅសុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ (ឃាត់ខ្លួនកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ តាមបណ្តឹងរបស់ស្ត្រីជាប្រពន្ធ)។ បានឆបោកប្រពន្ធរបស់ខ្លួន (មិនត្រូវបានបង្ហាញឱ្យដឹងពីអត្តសញ្ញាណនោះទេ)  ឱ្យទៅរៀបការជាមួយនឹងប្រុសថ្មីម្នាក់ ដោយកុហកថា រៀបការចេញទៅក្រៅប្រទេស តែតាមពិតជាគំរោងរបស់ប្តីកំហូច ស៊ីដាច់លុយប្រពន្ធ២ម៉ឺនដុល្លារ លុះប្រពន្ធដាក់ពាក្យប្តឹងត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន ស្រាប់តែបែកធ្លាយរឿង ជនកំហូចរូបនេះបានឆបោកលុយពីសាច់ញាតិរបស់ខ្លួន សរុបចំនួន៨ម៉ឺនដុល្លារថែមទៀត និងត្រូវបានក្រុមជនរងគ្រោះដាក់បណ្តឹង រុំកោះរើខ្លួនមិនរួចតែម្តង។

ដោយឡែក ជនរងគ្រោះជាសាច់ញាតិទាំង៤នាក់ ដែលបានដាក់ពាក្យបណ្តឹងចូលតុលាការ កាលពីរសៀលថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០១៨ សុំទាមទារសំណងសរុប៨ម៉ឺនដុល្លារពីជនសង្ស័យឈ្មោះមាស រិទ្ធី ហៅសែម សំណាង នោះរួមមាន ទី១-ឈ្មោះប៉េះ ណូ ភេទប្រុស ទី២-ឈ្មោះកាន់ ផម ភេទប្រុស ទី៣-ឈ្មោះផម ច្រិច ភេទស្រី និងទី៤-ឈ្មោះជា សុខា ភេទស្រី។ ពួកគាត់មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប។

ជនរងគ្រោះទាំង៤ បានបញ្ជាក់ថា ពួកគាត់ចាញ់បោកជនសង្ស័យតាមរយៈការនាំទិញដី ដោយតម្រូវឱ្យយកលុយទៅកក់ ម្តង២ទៅ ៣ពាន់ដុល្លារ រហូតសរុបទាំង៤នាក់អស់៨ម៉ឺនដុល្លារ លុះពេលពួកគាត់ចង់ទៅមើលដីជននោះកុហកថា ជាប់រវល់រហូត។ ចំណែកពួកគាត់ទុកចិត្ត ប្រគល់លុយទៅឱ្យជនសង្ស័យទិញដីនោះ ក៏ដោយសារតែបានរាប់អានជនសង្ស័យជាកូនធម៌។  ក្រោយពេលបោកពួកគាត់រួចហើយ ជនខាងលើបានបោកប្រពន្ធរបស់ខ្លួនទៀត គឺបោកនាងយកទៅឱ្យរៀបការជាមួយប្រុសផ្សេង នៅឯក្រុងភ្នំពេញជាថ្នូរនឹងទឹកប្រាក់ជិត២ម៉ឺនដុល្លារ ក្រោមរូបភាពរៀបការ ដើម្បីទៅនៅប្រទេសក្រៅ។ ក្រោយ ដឹងថា ប្តីរបស់ខ្លួនបានបោកប្រាស់ ដោយនាំយកទៅលក់ និងដោយអត់ទ្រាំនឹងទង្វើបែបនេះមិនបាន ទើបប្រពន្ធសម្រេចប្តឹងឱ្យសមត្ថកិច្ចចាប់ខ្លួន តែម្តង។

ក្រោយពេលសមត្ថកិច្ចចាប់ខ្លួន បញ្ជូនចូលពន្ធនាគារ ក្រុមជនរងគ្រោះបានទទូចសុំស្ថាប័នតុលាការ កុំឱ្យដោះលែងជនសង្ស័យឱ្យនៅក្រៅឃុំដាច់ខាត ប្រសិនបើមិនទាន់មានការសងសំណង ដូចក្នុងបណ្តឹងនោះទេ៕

RELATED ARTICLES