Sunday, July 6, 2025
Homeព័ត៌មានជាតិជួយដូនចាស់នេះផង ចៅប្រុសគាត់លេងមួយក្បាច់នេះ ដាច់ផ្ងារហើយ

ជួយដូនចាស់នេះផង ចៅប្រុសគាត់លេងមួយក្បាច់នេះ ដាច់ផ្ងារហើយ

ខេត្តកំពង់ស្ពឺ ៖ ចៅប្រុសចិត្តក្តៅម្នាក់ បានទៅសុំលុយជីដូនរបស់ខ្លួនយកទៅចាយវាយ តែត្រូវជីដូនប្រាប់ថា គ្មានលុយឱ្យទេ រួចក៏ស្តី បន្ទោសឱ្យតិចតួចពីរឿង នៅក្មេងកម្លាំងមាំមួនមិនដើររកការងារធ្វើ ចាំតែសុំលុយជីដូនចាយ ក៏ស្រាប់តែធ្វើឱ្យចៅប្រុសមួម៉ៅក្តៅចិត្ត ប្រមូល សម្ភារទ្រព្យសម្បត្តិក្នុងផ្ទះ ដោយទាំងប្រាក់របស់ជីដូនចំនួន១០០ដុល្លារដែលខំសន្សំស្ទើរមួយជីវិត មកដាក់គរ រួចចាក់សាំងដុត បណ្តាលឱ្យឆេះហ្មត់ គ្មានសល់ រហូតដល់ជីដូនទ្រាំលែងបាន ក៏ប្តឹងសមត្ថកិច្ចចាប់ចៅប្រុសកំណាចយកទៅចាត់ការតាមច្បាប់ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៥ និង៣០នាទីល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិមហាលំពាំងទី២ ឃុំសែនដី ស្រុកសំរោងទង។

ជនបង្កជាចៅប្រុស ដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈួន វាសនា អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះជាជីដូន មានឈ្មោះហង្ស ម៉ិន អាយុ៧៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ។

ដោយសារតែទ្រាំនឹងទង្វើកោងកាចរបស់ចៅប្រុសរូបនេះ មិនបាន ទើបលោកយាយជាជីដូន បានសម្រេចប្តឹងសមត្ថកិច្ចឱ្យជួយអន្តរាគមន៍ ចុះឃាត់ខ្លួនជនបង្កទៅសួរនាំ និងចាត់ការតាមច្បាប់។ ក្រោយពីឃាត់ខ្លួនធ្វើការសាកសួរ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបាន ដុតបំផ្លិចបំផ្លាញទ្រព្យសម្បត្តិខាងលើពិតប្រាកដមែន ។ បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី។

លោកយាយរងគ្រោះ បានប្រាប់ថា ចៅប្រុសរបស់គាត់បានដុតបំផ្លាញសម្ភារ រួមមាន កន្ទេលចំនួន៥ ពូកចំនួន១ លុយ១០០ដុល្លារ និងសម្លៀកបំពាក់មួយចំនួនទៀត។

លោកយាយរងគ្រោះខាងលើ ក៏បានអំពាវនាវដល់សប្បុរសជន សូមមេត្តាជួយដល់គាត់ផង ព្រោះពេលនេះ គាត់គ្មានមុង ភួយ កន្ទេល ខ្នើយសម្រាប់ប្រើប្រាស់នោះទេ ជាពិសេសលុយ១០០ដុល្លារដែលគាត់សន្សំជាយូរមកហើយ ទុកចំណាយនៅពេលធ្លាក់ខ្លួនឈឺថ្កាត់ ក៏ត្រូវឆេះគ្មានសល់ដែរ៕

RELATED ARTICLES