Sunday, July 6, 2025
Homeព័ត៌មានជាតិថ្ងៃរៀបការ ភ្ញៀវកូនកំលោះក្រមុំស្រវឹងធ្លាក់ភ្នែក បើកឆាកប្រយុទ្ធ

ថ្ងៃរៀបការ ភ្ញៀវកូនកំលោះក្រមុំស្រវឹងធ្លាក់ភ្នែក បើកឆាកប្រយុទ្ធ

ខេត្តពោធិ៍សាត់ ៖ ពិធីមង្គលការមួយកំពុងប្រព្រឹត្តទៅយ៉ាងសប្បាយក្អាកក្អាយ ដោយមានការផឹកស៊ី ចាក់ធុងបាស់រាំលេងកម្សាន្ត ស្រាប់តែបន្តិចក្រោយមក ភ្ញៀវកូនកំលោះក្រមុំ ដែលសុទ្ធសឹងតែស្រវឹងធ្លាក់ភ្នែករៀងខ្លួន ក៏កើតមានជម្លោះវាយតប់កាប់ចាក់គ្នា បណ្តាលឱ្យខូចខាតសម្ភារៈក្នុងរោងការ រហូតត្រូវម្ចាស់កម្មវិធីសម្រេចផ្អាកកម្មវិធីរាំធុងបាស់ភ្លាមៗ។

ករណីអំពើហិង្សាក្នុងរោងការខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ នៅចំណុចទីតាំងកើតហេតុខាងលើ មានការរៀបចំពិធីមង្គលការមួយ ដែលកម្មវិធីនេះបានចាប់ផ្តើមតាំងពីព្រឹកព្រលឹម រហូតមកដល់វេលាថ្ងៃត្រង់ ក៏ឈានដល់ការទទួលភ្ញៀវពិសាភោជនាហារ ដោយមានការផឹកស៊ី និងមានចាក់ធុងបាស់កំដរពិធីផងដែរ។

ប្រភពដដែលបន្តថា លុះក្រោយពីផឹកស៊ីស្រវឹងជោកជាំរៀងខ្លួន ភ្ញៀវខាងកូនកំលោះ និងភ្ញៀវខាងកូនក្រមុំ ក៏ឡើងរាំលេងនៅក្នុងវង់ជាមួយគ្នា ស្រាប់តែទំនងជាប៉ះពារ ឬជាន់ជើងគ្នាតិចតួច ស្រាប់តែធ្វើឱ្យផ្ទុះជម្លោះ ឈានដល់អំពើហិង្សា ដេញវាយតប់កាប់ចាក់គ្នា ប្រសាចពេញរោងការ ធ្វើឱ្យពិធីមង្គលការ ដែលកំពុងប្រព្រឹត្តទៅយ៉ាងសប្បាយ បែរជាត្រូវមកបញ្ឈប់ទាំងតក់ក្រហល់ទៅវិញ។

តាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា អំពើហិង្សាខាងលើ កើតឡើងរវាងភាគីខាងកូនក្រមុំ និងខាងកូនកំលោះ ដែលសុទ្ធតែបានផឹកស៊ីស្រវឹងដូចគ្នា តែយ៉ាងណា មិនមានអ្នកណាម្នាក់រងរបួសអ្វីធ្ងន់ធ្ងរនោះទេ ដោយសារតែសមត្ថកិច្ចបានចូលអន្តរាគមន៍ទាន់ពេល។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនភាគីទាំងសងខាង ទៅធ្វើការដោះស្រាយគ្នានៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ៕

RELATED ARTICLES