ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកង់របស់ពលរដ្ឋម្នាក់ ហើយរត់គេចខ្លួនបាត់ទៅដោយសុវត្ថិភាព ទើបធ្វើឱ្យជនសង្ស័យញៀនញ៉ាមមកលួចកង់របស់ជនរងគ្រោះតែម្តងទៀត តែចំថ្ងៃស៊យត្រូវម្ចាស់ប្រទះឃើញ ចាប់យកមកប្រគល់ឱ្យសមត្ថកិច្ច នាំទៅចាត់ការតាមច្បាប់ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យជាចោរលួចកង់អស់លក្ខណ៍ ជាប់ខ្នោះនេះ ឈ្មោះ ហេង ភេទប្រុស អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ។
តាមជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ រួបគាត់បានចាក់សោរបងផ្ទះហើយ ទៅហែជំនូនការបងប្អូនបាត់ លុះពេលមកវិញ ក៏បានបាត់កង់ចំនួន២គ្រឿង ហើយបានសួរនាំ អ្នកជិតខាងដោយប្រាប់ថា ឃើញមានជនសង្ស័យម្នាក់មកយកចេញទៅ ទើបដើររក រហូតប្រទះឃើញ និងឃាត់ខ្លួនសួរនាំដឹងរឿង នាំយកមកប្រគល់ឱ្យសមត្ថកិច្ចតែម្តង។
ជនរងគ្រោះបានឱ្យដឹងទៀតថា កន្លងមក គាត់បាត់កង់១គ្រឿងហើយ តែចាប់ជ់នសង្ស័យមិនបានឡើយ លុះពេលជនសង្ស័យមកលួចកង់គាត់ជាលើកទី២ ទើបគាត់ធ្វើការស្រាវជ្រាវរកមុខជនសង្ស័យឃើញ ក៏ចាប់ក្របួចប្រគល់ឱ្យប៉ូលិសតែម្តង។
ជនសង្ស័យនៅចំពោះមុខសមត្ថកិច្ច បានសារភាពថា ខ្លួនពិតជាបានលួចកង់ពិតប្រាកដមែន តែដឹងអី ក៏ត្រូវអស់លក្ខណ៍ ត្រូវម្ចាស់កង់រករូបគេឃើញ ចាប់រូបគេប្រគល់ឱ្យប៉ូលិសតែម្តង។
ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់។ រីឯកង់សមត្ថកិច្ចដកហូតប្រគល់ឱ្យជនរងគ្រោះជាម្ចាស់វិញ៕