Sunday, July 6, 2025
Homeព័ត៌មានជាតិខឹងប៉ូលិសឃាត់ បុរសចិត្តខ្លាំងជេរប្រមាថ រួចដាល់ដួលអុកគូទ

ខឹងប៉ូលិសឃាត់ បុរសចិត្តខ្លាំងជេរប្រមាថ រួចដាល់ដួលអុកគូទ

ខេត្តកណ្តាល ៖ ក្មេងស្ទាវឈាមរាវម្នាក់ ក្រោយពីផឹកស្រាស្រវឹងធ្លាក់ភ្នែក ក៏ស្ទាក់វាយអ្នកភូមិម្នាក់ តែវាយមិនត្រូវ លុះជនរងគ្រោះប្តឹងសមត្ថកិច្ចចុះអន្តរាគមន៍ ក៏ស្ទុះមកវាយបុរសជាមន្ត្រីនគរបាលម្នាក់១ដៃ បណ្តាលឱ្យដួលអុកគូទ ទីបំផុត ក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះអូសកយកទៅចាត់ការតាមច្បាប់។

ករណីក្មេងទំនើងខឹងវ៉ៃគេមិនបាន បែរជាជះកំហឹងលើសមត្ថកិច្ច ដាល់១ដៃ បណ្តាលឱ្យសមត្ថកិច្ចម្នាក់ដួលអុកគូទ រងរបួស បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៩និង៣៥នាទីយប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ត្រង់ចំណុចភូមិដើមពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ។

បុរសរងគ្រោះដែលត្រូវជនដៃដល់ស្ទាក់វ៉ៃ មានឈ្មោះគ្រី បារាំង អាយុ២៨ឆ្នាំ មុខរបរជាងសំណង់ មានលំនៅក្នុងភូមិត្រពាំងវាល ឃុំជ្រៃលាស់ ស្រុកពញាឮ។ ចំណែកជនរងគ្រោះម្នាក់ទៀត ដែលត្រូវជនដៃដល់ដាល់ដួលអុកគូទ មានឈ្មោះឡុង សុធាលី អាយុ៣៥ឆ្នាំ ជាមន្ត្រីនគរបាល មានតួនាទីជានាយរងផ្នែកនគរបាលព្រហ្មទណ្ឌ។ ដោយឡែក ជនដៃដល់មានឈ្មោះ ហុក លាងហេន អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅភូមិដើមពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ។

តាមប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះឈ្មោះគ្រី បារាំង បានបើកម៉ូតូត្រឡប់មកពីហូបការនៅភូមិទួលអង្គុញ ឃុំផ្សារដែក ស្រុកពញាឮ បំណងត្រឡប់ទៅផ្ទះវិញ លុះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវជនសង្ស័យមិនដឹងជាផឹកស្រវឹងធ្លាក់ភ្នែកមកពីណា បានស្ទាក់ម៉ូតូជនរងគ្រោះ និងវាយ តែមិនត្រូវ ទើបជនរងគ្រោះបើកម៉ូតូគេចប៊ិះធ្លាក់ចិញ្ចើមផ្លូវ ចូលប្រឡាយទឹក។ ក្រោយមក ជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចជំនាញស្រុក ដែលកំពុងចុះល្បាតតាមមូលដ្ឋាន នៅពេលនោះ កម្លាំងជំនាញក៏បានចាប់ជនរងគ្រោះ នាំមកបង្ហាញកន្លែងកើតហេតុ ដើម្បីសួរនាំព័ត៌មានបន្ថែម។

ប្រភពដដែលបន្តថា ខណៈដែលសមត្ថកិច្ចកំពុងនាំជនរងគ្រោះទៅចង្អុលបង្ហាញទីតាំងកើតហេតុ ស្រាប់តែជនសង្ស័យស្ទុះចុះពីលើផ្ទះ បម្រុងមកវាយជនរងគ្រោះម្តងទៀត ប៉ុន្តែត្រូវសមត្ថកិច្ចឃាត់ ជាហេតុធ្វើឱ្យជនសង្ស័យខឹងច្រឡោត ក៏បានស្រែកជេរមកលើកម្លាំងសមត្ថកិច្ច រួចស្ទុះមកដាល់សមត្ថកិច្ចម្នាក់ឈ្មោះ ឡុង សុធាលី ជានាយរងផ្នែកព្រហ្មទណ្ឌ ចំសៀតផ្កាខាងស្តាំ បណ្តាលឱ្យដួលអុកគូទ។ ភ្លាមនោះ សមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES