Sunday, July 6, 2025
Homeព័ត៌មានជាតិឡានទឹក៣គ្រឿង ផ្អើលទាំងយប់ ដោយសារគាត់ម្នាក់នេះ

ឡានទឹក៣គ្រឿង ផ្អើលទាំងយប់ ដោយសារគាត់ម្នាក់នេះ

ខេត្តស្ទឹងត្រែង ៖ បុរសម្នាក់ឆ្លៀតពេលឪពុកម្តាយមិននៅផ្ទះ នៅចាំផ្ទះតែម្នាក់ឯង ក៏ធ្វើសកម្មភាពដុតផ្ទះបណ្តាលឱ្យឆាបឆេះគ្មានសល់ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៦និង៣០នាទីព្រលប់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង។

លំនៅដ្ឋានដែលត្រូវអគ្គិភ័យឆាបឆេះទាំងស្រុងខាងលើនេះ មានទំហំ១៤ម៉ែត្រ គុណនឹង ១៥,៥០ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ជញ្ជាំង ក្តារ ក្រាលក្តារ សង់ខ្ពស់ ជាកម្មសិទ្ធិរបស់ឈ្មោះកែវ ប៉ាប៉ាន់ មុខរបរជាអ្នកបើកឡានដឹកដី និងប្រពន្ធឈ្មោះម៉ៅ សុខន រស់នៅភូមិឃុំកើតហេតុខាងលើ។ ចំណែកកូនប្រុសរបស់ម្ចាស់ផ្ទះ ដែលបានធ្វើសកម្មភាពដុតផ្ទះចោលនេះ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនៅឡើយ គ្រាន់តែដឹងថា គឺជាមនុស្សមានសតិមិនប្រក្រតីនោះទេ (វិកលចរិត)។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កហេតុជាកូនប្រុស នៅចាំផ្ទះតែម្នាក់ឯង ខណៈដែលឪពុក ម្តាយរវល់ចេញទៅក្រៅ។ លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែជនបង្កជាកូនប្រុស បានធ្វើសកម្មភាពដុតផ្ទះរបស់ឪពុកម្តាយ បណ្តាលឱ្យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង ធ្វើឱ្យកើតមានការផ្អើលឆោឡោដល់ប្រជាពលរដ្ឋក្នុងភូមិ ប្រញាប់រាយការណ៍សុំអន្តរាគមន៍ពី សមត្ថកិច្ចមូលដ្ឋាន និងត្រូវបានសមត្ថកិច្ចបញ្ជូន រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងចំនួន៣គ្រឿង ចុះមកជួយអន្តរា គមន៍បាញ់ទឹកពន្លត់ភ្លាមៗដែរ ដោយប្រើប្រាស់ទឹកអស់ចំនួន១២ឡាន ស្មើនឹង៤៨ម៉ែត្រគូប ទើបអគ្គិភ័យខាងលើបានរលត់ទៅវិញទាំងស្រុង នៅវេលាម៉ោង៨យប់ថ្ងៃដដែល។

បើតាមការឱ្យដឹងពីប្រជាពលរដ្ឋ កូនប្រុសរបស់ម្ចាស់ផ្ទះ ដែលជនដៃដល់ដុតផ្ទះនោះ គឺជាមនុស្សវិកលចរិត។ ទោះបីជាយ៉ាងណា គេមិន ទាន់ដឹងពីទំហំ នៃការខូចខាតនៅឡើយ ប៉ុន្តែអគ្គិភ័យនេះ មិនបង្កឱ្យមនុស្សណាម្នាក់ទទួលរងគ្រោះថ្នាក់នោះទេ និងមិនរាលដាលដល់ផ្ទះជិតខាង ឡើយ៕

RELATED ARTICLES