ខេត្តត្បូងឃ្មុំ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពប្លន់ រួចព្យាយាមរត់ចោលស្រុកសម្ងំលាក់ខ្លួនអស់រយៈពេល១៣ឆ្នាំ លុះលបវិលចូលស្រុកវិញ ត្រូវសមត្ថកិច្ចប្រទះឃើញ ក៏ចាប់ឃាត់ខ្លួនជាប់ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចឃុំអញ្ជើម ស្រុកត្បូងឃ្មុំ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឃ្លី ថា អាយុ៣៨ឆ្នាំ មុខរបរកសិករ ទីកន្លែងកំណើតនៅភូមិមុខភ្នំ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម លំនៅបច្ចុប្បន្ន ក្នុងភូមិកញ្ចើម ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ។
តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានចាប់ខ្លួន ដោយកម្លាំងជំនាញនគរបាលខេត្ត សហការជាមួយ កម្លាំងជំនាញស្រុកក្រូចឆ្មារ និងអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួន លេខ៣៧១៩ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ចេញដោយលោកឃុន សូណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងខេត្តកំពង់ចាម បញ្ជាឱ្យចាប់ខ្លួនឈ្មោះឃ្លី ថា ពីបទប្លន់ ប្រព្រឹត្តនៅភូមិទួលអុក ឃុំទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តកំពង់ចាម កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០០៥។
ប្រភពដដែលបន្តថា ក្រោយពីប្រព្រឹត្តអំពើប្លន់រួចហើយ ជនសង្ស័យក៏បានរត់គេចខ្លួនចេញពីមូលដ្ឋានរស់នៅ ទៅសម្ងំលាក់ខ្លួនអស់ រយៈពេល១៣ឆ្នាំ រហូតមកដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យក៏លេចមុខវិលត្រឡប់ចូលស្រុកវិញ ក៏ត្រូវសមត្ថកិច្ចប្រទះឃើញ ចុះអនុវត្តដីកាចាប់ខ្លួនតែម្តង។
បច្ចុប្បន្ន ជនត្រូវចោទខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តត្តាមនីតិវិធី៕