ខេត្តកណ្តាល ៖ យុវជនម្នាក់មានឈ្មោះមឿន មករា អាយុ២៣ឆ្នាំ មុខរបរជាពលករចំណាកស្រុកធ្វើការនៅប្រទេសថៃ ក្រោយពីត្រឡប់មកពីជួបជុំមិត្តភក្តិផឹកស៊ីវិញ ក៏ត្រូវម្តាយស្តីបន្ទោស២-៣ម៉ាត់ ស្រាប់តែឈឺចិត្តស្អិតទ្រូង រត់ទៅចងកសម្លាប់ខ្លួននៅលើដើមគរ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចដើមគរជាប់ មាត់ទន្លេ ស្ថិតក្នុងភូមិកោះកែវក្រោម ឃុំកោះកែវ ស្រុកល្វាឯម។
ម្តាយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីឃើញកូនប្រុស (ជនរងគ្រោះ) ទើបនឹងត្រឡប់មកពីផឹកស៊ីវិញ គាត់ជាម្តាយក៏បានស្តីប្រដៅណែនាំកូនថា កុំឱ្យផឹកស៊ីច្រើនពេក ណាមួយកុំឱ្យលង់ខ្លួនជក់គ្រឿងញៀន ព្រោះកូនជិតទៅធ្វើការនៅប្រទេសថៃ វិញហើយ។ ឮបែបនេះ កូនប្រុសរបស់គាត់ បានតបមកគាត់ ជាម្តាយវិញថា “ម៉ែកុំបន្ទោសខ្ញុំច្រើនពេក ខ្ញុំផឹកតែស្រាទេ”។ បន្ទាប់មកកូនប្រុសរបស់គាត់បានទៅអង្គុយហូបបាយតែម្នាក់ឯង រួចក៏ដើរចេញទៅក្រោយផ្ទះបាត់ទៅ។ រហូតដល់វេលាម៉ោងជិត១រសៀលថ្ងៃដដែល ប្អូនបង្កើតរបស់ជនរងគ្រោះបានដើរទៅខាងក្រោយផ្ទះ ក៏ឃើញបងនៅអង្គុយលើមែកដើមគ កម្ពស់ប្រហែល៤ម៉ែត្រ ក៏បានហៅបងចុះមកហូបបាយ តែបងប្រុសបានឆ្លើយតបវិញថា គេហូបរួចហើយ រួចក៏ដេញប្អូនឱ្យត្រឡប់ទៅផ្ទះវិញ។ លុះមួយសន្ទុះក្រោយមក គាត់បានដេញកូនម្នាក់ទៀតឱ្យទៅតាមហៅកូនប្រុសរងគ្រោះមកផ្ទះវិញ ស្រាប់តែពេលទៅដល់ ក៏ប្រទះឃើញកូនប្រុសរូបនេះ បានចងក ទើបប្រញាប់រត់មកប្រាប់គាត់ម្តាយ និងបងប្អូនជិតខាង ជួយស្រាយសាកសពទម្លាក់ចុះ រួចរាយការណ៍ប្រាប់សមត្ថកិច្ច តែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនឯងប្រាកដមែន ដោយប្រើខ្សែគោពណ៌ខ្មៅ ប្រវែង៣ម៉ែត្រ ចងកជាប់នឹងមែកដើមគរ។ មូលហេតុដោយសារតូចចិត្តនឹងរឿងម្តាយស្តីបន្ទោសតិចតួច។
សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕