Sunday, July 6, 2025
Homeព័ត៌មានជាតិនាងមានផ្ទៃពោះហើយ ក៏ក្រុមពួកចិនមិនលើកលែងដែរ

នាងមានផ្ទៃពោះហើយ ក៏ក្រុមពួកចិនមិនលើកលែងដែរ

ខេត្តស្វាយរៀង ៖ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ មានការភ្ញាក់ផ្អើលឡើង ដោយសារស្ត្រីមានផ្ទៃពោះជាអ្នកលក់ចាប់ហួយម្នាក់ ខំសន្សំលុយកាក់ល្អិតចំណេញពីការលក់ដូរបានប្រមាណ៣០០ដុល្លារ ទុក គ្រាន់សម្រាលកូន ស្រាប់តែត្រូវជនជាតិចិន២នាក់ ប្រើល្បិចចូលមកទិញបារី១កញ្ចប់ រួចក៏ដាក់ថ្នាំ ធ្វើឱ្យភាំងភាន់ស្មារតី បន្ទាប់មកជនសង្ស័យ ជាជនជាតិចិន ក៏បានចូលទៅប្រមូលយកលុយអស់គ្មានសល់  នៅចំណុចភូមិស្វាយតាយាន ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍។

ស្ត្រីរងគ្រោះខាងលើ មិនត្រូវបានស្គាល់ពីអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ប្រកបរបរលក់ចាប់ហួយ និងមានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។

ស្ត្រីរងគ្រោះ បានបន្តថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ ខណៈដែលនាងកំពុងអង្គុយនៅ ក្នុងតូបលក់ចាប់ហួយតែម្នាក់ឯង ក៏ស្រាប់តែលេចមុខ ជនជាតិចិនចំនួន៣នាក់ បានចូលមកធ្វើជាទិញបារី១កញ្ចប់ រួចក៏ហុចក្រដាស់២០ដុល្លារ មកឱ្យនាងអាប់ លុះនាងអាប់លុយខ្មែរឱ្យ ស្រាប់តែជនសង្ស័យបានប្រើកាយវិការ និងនិយាយជាភាសាចិន ដែលតាមនាងកាត់ស្មានយល់ គឺមិន យកលុយខ្មែរទេ គឺចង់បានលុយដុល្លារវិញ។

ស្ត្រីរងគ្រោះ បន្តថា លុះពេលដែលនាងកំពុងចាក់សោបើកកេសលុយ បំណងយកលុយដុល្លារមកអាប់ឱ្យជនសង្ស័យវិញ ស្រាប់តែ ចាក់សោរួច មិនដឹងជាយ៉ាងម៉េច ដូចជាត្រូវថ្នាំអ្វីក៏មិនដឹង ទើបនាងភាន់ភាំងស្មារតី និយាយក៏មិនចេញ កម្រើកក៏មិនរួច។ ភ្លាមនោះ ជនជាតិចិន ទាំង២នាក់ ក៏បានចូលមកបើកកេសលុយរបស់នាង ប្រមូលយកលុយរបស់នាងក្នុងនោះ មានក្រដាសប្រាក់១០០ដុល្លារចំនួន៣សន្លឹក រួមនឹងលុយខ្មែរខ្លះទៀត ហើយសូម្បីតែលុយក្រដាស២០ដុល្លារ ដែលពួកគេឱ្យនាងអាប់ ក៏យកទៅអស់ទៀតដែរ។ បន្ទាប់ពីប្រមូលយកលុយកាក់របស់នាងអស់ហើយ ជនសង្ស័យទាំង២នាក់ ក៏នាំគ្នាប្រញាប់ចាកចេញទៅវិញបាត់អស់ដោយសុវត្ថិភាព ចំណែកនាងនៅតែរឹងមាត់ និយាយមិនរួច ចង់ស្រែក ហៅគេជួយ ក៏មិនបាន។

ពាក់ព័ន្ធករណីខាងលើនេះ ស្ត្រីរងគ្រោះខាងលើ បានដាក់ការសង្ស័យថា ក្រុមចោរបានដាក់ថ្នាំសណ្តំនាង ធ្វើឱ្យវង្វេងវង្វាន់ស្មារតី រួចក៏ឆ្លៀតពេលប្រមូលយកលុយនាងអស់៣០០ដុល្លារតែម្តង។ យ៉ាងណា ស្ត្រីរងគ្រោះមិនបានដាក់ពាក្យបណ្តឹងនោះទេ៕

RELATED ARTICLES