Sunday, July 6, 2025
Homeព័ត៌មានជាតិពិតជាមានការចាប់គោយន្តដឹកឈើប្រាកដមែន អីលូវទុកនៅ...

ពិតជាមានការចាប់គោយន្តដឹកឈើប្រាកដមែន អីលូវទុកនៅ…

ខេត្តមណ្ឌលគិរី ៖ គោយន្តកែច្នៃ១គ្រឿងដឹកឈើទើបកាប់ថ្មីៗ ត្រូវបានខាងអង្គការ WWF បង្ក្រាបចាប់បានកាលពីយប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចក្រុងតេះ ឃុំប៊ូស្រា ស្រុកពេជ្រដា រួចក៏ប្រគល់ទៅឱ្យខាងបរិស្ថាន ដើម្បីចាត់ការតាមនីតិវិធី ប៉ុន្តែឈើនេះកំពុងផ្ញើទុកនៅប៉ុស្តិ៍នគរបាលក្រុងតេះ នៅឡើយ ដែលគេសង្ស័យថា អាចនឹងមានការដោះលែង ខណៈពាក់ព័ន្ធជាមួយអ្នកមានមុខមានមាត់ក្នុងខេត្ត។

លោកវុធ សារុំ នាយកដែនជម្រកសត្វព្រៃណាំលៀ បានឱ្យដឹងថា ពិតជាមានករណីនេះមែន គឺខាងអង្គការ WWF ចាប់បានប្រគល់ឱ្យខាងបរិស្ថាន ហើយលោកក៏ឱ្យកូនចៅធ្វើកិច្ចការនេះតាមនីតិវិធីដែរ ព្រោះឈើនោះគេយកផ្ញើកន្លែងលោកដែលនៅជិតកន្លែងបង្ក្រាប។ ត្រង់លេចឮថា ឈើនោះជាឈើរបស់ឈ្មោះណាៗ លោកក៏មិនដឹងច្បាស់ដែរ ដោយសារចាប់មនុស្សអត់បាន បានតែគោយន្តនិងឈើប៉ុណ្ណោះ។

តាមប្រភពព័ត៌មានមួយ បានបង្ហើបប្រាប់ថា ឈើដែលខាងអង្គការ WWF ចាប់បាននោះ គឺជាឈើរបស់ឈ្មួញមួយក្រុមឈ្មួញ៣រូប ជាសមត្ថកិច្ច និងជាអាជ្ញាធរ ប៉ុន្តែពុំមានសមត្ថកិច្ចជំនាញអះអាងថា ពិតឬមួយយ៉ាងណានោះទេ។

ដោយឡែក លោកហៀង សុភ័ក្រ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី បានថ្លែងបញ្ជាក់ថា លោកកំពុងធ្វើកិច្ចការក្នុងរឿងនេះតាមនីតិវិធី។

គួរបញ្ជាក់ថា បទល្មើសឈើនៅខេត្តមណ្ឌលគិរី បច្ចុប្បន្នកំពុងកើតមានពេញបន្ទុកនៅតំបន់ព្រៃសហគមន៍ ភូមិទី៧ ឃុំប៊ូស្រា ស្រុក ពេជ្រដា ខេត្តមណ្ឌលគិរី ហ៊ុំព័ទ្ធដោយចំការកៅស៊ូប្រមាណជិត៥០០ហិកតារ៕

RELATED ARTICLES