ខេត្តមណ្ឌលគិរី ៖ បុរសជាគ្រូបង្រៀនម្នាក់ មានឈ្មោះភេទ សម្បត្តិ អាយុ២៥ឆ្នាំ មុខរបរគ្រូបង្រៀន បានធ្វើសកម្មភាពវាយគូទំនាស់របស់ខ្លួន បណ្តាលឱ្យរងរបួសធ្ងន់ បន្ទាប់មកក៏ព្យាយាម រត់គេចខ្លួន អស់រយៈពេលជាង២ខែ ទើបលបវិលចូលស្រុកវិញ ក៏ត្រូវសមត្ថកិច្ចប្រទះឃើញ ចាប់ឃាត់ខ្លួនជាប់ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចឃុំមេម៉ង់ ស្រុកកែវសីមា។
តាមប្រភពពីសមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងថា ជនសង្ស័យខាងលើ ត្រូវបានចាប់ខ្លួន ដោយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ចាប់ឃាត់ខ្លួន តាមដីកាលេខ១១៦ដកឧ,២០១៨ របស់លោកតូ ពៅស៊ុន ប្រធានក្រមប្រឹក្សាជុំនំជំរះ នៃសភាស៊ើបសួរសាលាឧទ្ធណ៍ បង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទឈ្មោះភេទ សម្បត្តិ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិ ពូង៉ោល ឃុំមេម៉ង់ ស្រុកកែវសីមា កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។
បច្ចុប្បន្ន ជនត្រូវចោទខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តត្តាមនីតិវិធី៕