ខេត្តរតនគិរី ៖ នារីវ័យក្មេងម្នាក់ មានឈ្មោះម៉េន ម៉ាន អាយុ១៨ឆ្នាំ មុខរបរកសិករ បានជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខរតនគិរី 1A-4917 ឈប់ម៉ូតូទិញមីឆានៅក្បែរចិញ្ចើមផ្លូវ ស្រាប់តែអកុសល ក៏ត្រូវរថយន្តស៊ីទែនដឹកប្រេង១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ចង្កូតស្តាំ PP-២១៣៧ បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណ បើកជ្រុលចង្កូតមកបុក រួចកិនចំក្បាលនារីរងគ្រោះ បណ្តាលឱ្យបែកក្បាលស្លាប់នៅនឹងកន្លែងយ៉ាងរន្ធត់ កាលពីវេលាម៉ោង៣ និង៣៥នាទីរសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវជាតិលេខ៧៨ ចំណុចមុខពន្ធនាគារខេត្ត ស្ថិតនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង។
ក្រោយកើតហេតុអ្នកបើកបររថយន្តបង្កបានចុះរត់គេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរណ៍ខេត្ត ចុះមកអន្តរាគមន៍ធ្វើការត្រួតពិនិត្យនៅកន្លែងកើតហេតុ ចំណែក មធ្យោបាយទាំង២គ្រឿង ត្រូវបាននគរបាលរឹបអូសយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរងចាំធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។
ដោយឡែក សាកសពនារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕