ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ បានប្រកាសថា វិមានឈ្នះ-ឈ្នះ គឺជានិមិត្តរូបនៃសុខសន្តិភាព និងជាតឹកតាងដែលប្រសូតចេញពីនយោបាយឈ្នះ-ឈ្នះ របស់នាយករដ្ឋមន្ត្រីហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ ដូច្នេះវិមានឈ្នះឈ្នះ ដែលនឹងដាក់សម្ពោធចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ នឹងដាក់បង្ហាញស្នាដៃនៃការតស៊ូកសាងជាតិ ចាប់ពីចំណុចសូន្យរបស់កម្ពុជា ក្រោមការតស៊ូរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី។
សម្តេចទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បានធ្វើសន្និសីទសារព័ត៌មាន ស្តីពី “ដំណើរការរៀបចំ និងសម្ពោធវិមានឈ្នះ-ឈ្នះ” ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា មុននឹងដាក់សម្ពោធវិមានឈ្នះ-ឈ្នះនេះ នៅចុងឆ្នាំ២០១៨។
សម្តេចទៀ បាញ់ បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាននោះថា វិមានឈ្នះឈ្នះ គឺជានិមិត្តរូបនៃវីរភាពរបស់សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលហ៊ានប្រថុយជីវិតជាច្រើនលើកច្រើនសា ដើម្បីប្តូរយកសុខសន្តិភាពជូនជាតិទាំងមួល រហូតដល់សព្វថ្ងៃនេះ។ វិមានឈ្នះឈ្នះ ដែលជានិមិត្តរូបនៃសុខសន្តិភាពកម្ពុជាហើយ និងជាតឹកតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ។ ដូច្នេះការរៀបចំសម្ពោធ ត្រូវតែប្រព្រឹត្តទៅដោយគគ្រឹកគគ្រែងបំផុត។
ប្រមុខក្រសួងការពារជាតិ ក៏បានបញ្ជាក់ដែរថា ក្រោយពីដាក់សម្ភោធដំណើរការវិមានឈ្នះ-ឈ្នះនេះ ក្រសួងនឹងដាក់ស្នាដៃនៃការតស៊ូរបស់សម្តេចហ៊ុន សែន ដែលចាប់ផ្តើមឡើងតាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ។
សម្តេចទៀ បាញ់ បានមានប្រសាសន៍ថា “យើងមានសាក្សី ដែលធ្វើដំណើរជាមួយសម្តេចតេជោ ចាប់ពីថ្ងៃទី២០ មិថុនា ឆ្នាំ១៩៧៧ ក្នុងនោះ យើងមាន៥នាក់ ក្នុងនោះ ប៉ុន្តែ២រូប បានពលីកម្មបាត់ហើយ។ យើងមានសច្ចភាពពិតតាមដំណាក់ៗ រហូតដល់នយោបាយឈ្នះ-ឈ្នះ ដែលយើងនឹងរំលេចនៅទីនេះ។ មានឈ្នះ-ឈ្នះនេះ នឹងប្រមូលអត្ថន័យទាំងអស់នូវសភាពទាំងឡាយដែលជាសច្ចភាព ដែលកម្ពុជាយើងមាន ដើម្បីប្រមូលមកទុកតម្កល់នៅទីនេះ។ ការតម្កល់ភស្តុងតាងនៅ វិមានឈ្នះ-ឈ្នះនេះ គឺដើម្បីជៀសវាងការធ្វើបកស្រាយណាមួយខុសពីការពិតដែលបានកើតឡើងផងដែរ។ ទីនេះ គឺជាតឹកតាំងជាលាក់ពិតប្រាកដទាំងអស់ ទោះបីជាមិនបាន១០០% ក៏វាកៀកនឹង១០០% ដែរ។ កន្លែងនេះវាមិនធំប៉ុន្មានទេ ប៉ុន្តែវាធំសម្រាប់អត្ថន័យនៃប្រវត្តិសាស្ត្រធំណាស់ៗ ហើយខ្ញុំចាត់ទុកជាទ្រព្យសម្បត្តិដ៏មហាសាលនៃប្រវត្តិសាស្ត្រសម្រាប់អ្នកជំនាន់ក្រោយៗទៀត ក្នុងការសិក្សាដឹងពីរឿងរ៉ាវទាំងឡាយមកដល់ពេលនេះថា មានអ្វីខ្លះ? វាបានឆ្លង់កាត់មកដល់ពេលនេះ គឺវាវែងឆ្ងាយណាស់។
សម្តេចទៀ បាញ់ បានមានប្រសាសន៍បន្តថា “ការតម្កល់តឹកតាំងនេះ មានទាំងសៀវភៅដែលនិយាយពីវិមានឈ្នះឈ្នះ ក៏មានការឆ្លាក់ខ្លឹមសារមួយចំនួននៅលើកផ្ទាំងថ្មី ដើម្បីកុំឱ្យបាត់ភស្តុតាងនៃគុណតម្លៃនេះ។ សម្តេចពិជ័យសេនា ក៏បានលើកឡើងថា តាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថា នឹងធ្វើពិធីសម្ភោធវិមានឈ្នះឈ្នះនេះឱ្យមានលក្ខណៈធំរហូតដល់៣ យប់៣ថ្ងៃ។ គារសម្ពោធវិមានឈ្នះឈ្នះ ក៏ចំថ្ងៃនៃការបញ្ចប់សង្គ្រាមស៊ីវិល តាមរយៈនយោបាយឈ្នះឈ្នះរបស់រាជរដ្ឋាភិបាល គឺមានរយៈពេល២០ឆ្នាំមកហើយ ។ សម្តេចក៏បានអះអាងថា ពិធី៣យប់ ៣ថ្ងៃនេះ គឺជាវិធីដ៏ធំមួយ ជាងពិធីណាៗទាំងអស់ ខណៈដែលកម្ពុជា បានធ្វើបុណ្យទន្លេ បុណ្យសមុទ្រ បុណ្យុអ៊ុំទូក …។ ក្នុងរយៈពេល៣ថ្ងៃ នឹងមានកម្មវិធីចាប់ពីពេលព្រលឹមរហូតដល់ព្រលប់ ប្លែកច្រើនដល់ភ្ញៀវសម្រាប់ទស្សនាផងដែរ ។ ពីគុណតម្លៃនៃវិមានឈ្នះ-ឈ្នះ ក៏ដើម្បីបង្ហាញពីការបញ្ចប់សង្គ្រាមយ៉ាងពេញលេញ តាំងពីមុនមកនាំឱ្យជាតិមាតុភូមិមានឯកភាពជាតិ ដែលចាំណាយពេលរាប់រកឆ្នាំដែលមិនធ្លាប់មាននោះទេ ។
សម្តេចទៀ បាញ់ ក៏បានបញ្ជាក់ថា មកទល់ពេលនេះ មានស្តង់ពិព័រណ៌ជាង៦០០ស្តង់ មកពីក្រុមហ៊ុនវិស័យឯកជន និងក្រសួងស្ថាប័នរដ្ឋជាច្រើន បានចុះឈ្មោះចូលរួមនៅក្នុងពិធីសម្ពោធវិមានឈ្នះ-ឈ្នះនេះ ។ ក្រៅពីការតាំងពិព័រណ័របស់បណ្តាស្តង់នានានោះ ក៏ការមានរៀបចំការប្រកួតកីឡា ការសម្តែងសិល្បៈ បញ្ចាំងរឿងភាពយន្ត ការប្រគំតន្ត្រី ដែលបើកឱ្យមហាជនចូលរួមដោយសេរី។ ហើយដោយឡែក នៅយប់ថ្ងៃទី៣១ ខែធ្នូ ដែលជាថ្ងៃឆ្លងឆ្នាំនោះ ក៏នឹងមានកម្មវិធីបាញ់កាំជ្រួច ដើម្បីអបអរសាទរឆ្នាំថ្មីផងដែរ។
សម្តេចទៀ បាញ់ ក៏បានលើកឡើងថា បន្ទាប់ពីសម្ពោធដាក់ឱ្យដំណើររួចមក វិមានឈ្នះ-ឈ្នះ នឹងបើកឱ្យភ្ញៀវជាតិ និងអន្តរជាតិ ចូលទស្សនាស្វែងយល់ផងដែរ ។ ជាងនេះ វិមានឈ្នះ-ឈ្នះ ក៏ជាកន្លែងស្តុកទុកឯកសារដែលជាស្នាដៃនៃការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន ចាប់ដំបូងផងដែរ ។ នៅជុំវិញវិមានក៏មានរូបសំណាក់ដែលនិយាយពីប្រវត្តិតស៊ូរហូតដល់ចប់ ។
មុនធ្វើសន្និសីទសារព័ត៌មាន សម្តេចទៀ បាញ់ ប្រធានគណៈកម្មការអន្តរក្រសួង កាលព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ក៏បានដឹកនាំក្រុមការងារអន្តរក្រសួង បន្តពិភាក្សាអំពីផែនការឧបសម្ព័ន្ធការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងពិធីសម្ភោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះនេះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ របស់សម្តេចហ៊ុន សែន 9១៩៩៨-២០១៨ប នៅទីស្តីការគណៈរដ្ឋមន្ត្រី។
សូមរំលឹកថា វិមានឈ្នះឈ្នះ បានចាប់ផ្តើមសាងសង់កាលពីខែកុម្ភៈ ឆ្នាំ២០១៦ លើផ្ទៃដី ទំហំ៨ហិកតា ស្ថិតសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានឈ្នះ-ឈ្នះ ដែលសាងសង់យកគំរូតាមរចនាបទប្រាង្គប្រាសាទនានា ដើម្បីទុកជាមរតកសម្រាប់កូនខ្មែរជំនាន់ក្រោយ គឺមានកម្ពស់ប្រមាណ៥៤ម៉ែត្រ ទទឹង៣៦ម៉ែត្រ។ វិមាននេះត្រូវសាងសង់លើផ្ទៃដីសរុបចំនួន ៨ហិកតារ ស្ថិតនៅក្នុងសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ វិមានឈ្នះឈ្នះ នេះ ជានិមិត្តរូបនៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក និងដើម្បីរំលឹកដល់គុណូបការៈរបស់ បុព្វបុរសខ្មែរគ្រប់សម័យកាល ដែលបានលះបង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ។ រាជរដ្ឋាភិបាលកម្ពុជា នឹងប្រារឰពិធីអបអរសាទរខួប២០ឆ្នាំ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) នៃគោលនយោបាយឈ្នះ ឈ្នះ នៅថ្ងៃទី២៩-៣១ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ យ៉ាងគគ្រឹកគគ្រេង មិនធ្លាប់មានពីមុនមក៕