ខេត្តឧត្តរមានជ័យ ៖ បុរសជាជនជាតិខ្មែរចំនួន២នាក់ បានលបលួចួឆ្លងដែនចូលទៅក្នុងទឹកដីថៃទាំងយប់ បំណងលួចកាប់ឈើគ្រញូង លុះក្រុមទាហានថៃប្រទះឃើញ ក៏ដេញបាញ់ចំនួន៤គ្រាប់ ធ្វើឱ្យភ័យស្លោភ្នែក រត់ចែកជើងគ្នាពេញព្រៃ ទម្រាំឆ្លងចូលមកដីខ្មែរវិញបាន ប៊ិះក្ស័យប្រាណ ចោលឆ្អឹងក្នុងព្រៃ។
ហេតុការណ៍ទាហានថៃ ដេញបាញ់ពលរដ្ឋខ្មែរលួចឆ្លងដែននេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ៩យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចខាងលិចកាស៊ីណូសាងាំរីសត ក្បែរផ្លូវកៅស៊ូ ស្ថិតក្នុងភូមិស្រែព្រៃ ឃុំផៃផាត់តាណា ស្រុកភូស៊ិញ ខេត្តស៊ីសាកេត ប្រទេសថៃ ដែលស្ថិតនៅទល់មុខច្រកទ្វារអន្តរជាតិជាំសាងាំ។
ប្រជាពលរដ្ឋទាំង២នាក់ ដែលត្រូវទាហានថៃដេញបាញ់៤គ្រាប់ តែសំណាងល្អបានរួចរស់ជីវិត រួមមាន ទី១-ឈ្មោះយ៉េប រ៉ូសេប ភេទ ប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិបេងធំ ឃុំសៀមបូក ស្រុកសៀមបូក ខេត្តស្ទឹងត្រែង បច្ចុប្បន្នមកស្នាក់នៅភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង និងទី២-ឈ្មោះស៊ិន សុំ ហៅតាវែង មុខរបរមិនពិតប្រាកដ រស់នៅភូមិជាំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង។
លោកវរសេនីយ៍ឯកស៊ុ សារឿន មេបញ្ជាការកងវរសេនាតូចលេខ៩០៥ ប៉ូលិសការពារព្រំដែនគោកកម្ពុជា-ថៃ បានឱ្យដឹងថា នៅយប់កើតហេតុ កាលពីវេលាម៉ោងប្រមាណប្រមាណ៩យប់ ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ ក្រោយពីក្រុមទាហានឈុតខ្មៅថៃផ្ទុះអាវុធរួចមក លោកបានបញ្ជា កងកម្លាំងដែលឈរជើងតាមគោលដៅ ត្រៀមនឹងធ្វើការស៊ើបអង្កេតស្រាវជ្រាវរកអំពីមូលហេតុនៃការផ្ទុះអាវុធរបស់ក្រុមទាហានថៃនោះដែរ។
លោកវរសេនីយ៍ឯក បានបន្តថា អំពីមូលហេតុនៅក្នុងហេតុការណ៍នោះ ខណៈសមត្ថកិច្ចបានឃាត់ខ្លួនបុរស២នាក់ មកធ្វើការសាកសួរនាំ កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៨ បុរសទាំង២នាក់បានឆ្លើយថា ពួកគាត់បានឆ្លងដែនចូលទឹកដីថៃ បំណងទៅរកឈើគ្រញូង។ យ៉ាងណាក្តី សមត្ថកិច្ចបានធ្វើការសន្និដ្ឋានថា អាចមិនមែនរកឈើគ្រញូងទេ ព្រោះនៅចំណុចនោះ រឿងដែលគួរឱ្យចាប់អារម្មណ៍នោះ គឺជននេះនឹងអាចរកស៊ីទិញម៉ូតូក្តៅពីក្រុមជនទុច្ចរិតជាពលរដ្ឋថៃ ក៏អាចថាបានដែរ។
ក្រោយពីបានធ្វើការសាកសួររួចរាល់ សមត្ថកិច្ចបានធ្វើការអប់រំ រួចអនុញ្ញាតឱ្យបុរសទាំង២នាក់ខាងលើ វិលត្រឡប់ទៅផ្ទះវិញ៕