Monday, July 7, 2025
Homeព័ត៌មានជាតិគ្រាន់តែរហស្សនាម "អាផ្តាច់ព្រលឹង" អ្នកភូមិខ្លាចរអារខ្លាំងណាស់

គ្រាន់តែរហស្សនាម “អាផ្តាច់ព្រលឹង” អ្នកភូមិខ្លាចរអារខ្លាំងណាស់

ភ្នំពេញ ៖ យុវជនម្នាក់ដែលត្រូវអ្នកភូមិដាក់រហស្សនាមហៅថា “អាផ្តាច់ព្រលឹង” ជិះម៉ូតូមិនចេះយឺត កុងទ័រកប់ៗដាច់ហ្គែរចោល រហូតម៉ែឪហាមលែងស្តាប់ ស្រាប់តែជិះម៉ូតូវ៉ាជែងខាងស្តាំដៃ ជ្រុលទៅបុកម៉ូតូ១គ្រឿង ជិះគ្នា២នាក់ម៉ែកូន បណ្តាលឱ្យស្ត្រីជាម្តាយបាក់ជើងរងរបួសធ្ងន់ ចំណែកកូនស្រីទើបនឹងមានអាយុ៨ឆ្នាំ បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ រីឯអាផ្តាច់ព្រលឹង រងរបួសបែកមុខ វង្វេងវង្វាន់លែងដឹងលិចកើត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

ម៉ូតូបង្កម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1HI-2795 បើកបរដោយយុវជនជើងខ្លាំងខាងបង្ហោះម៉ូតូ ឈ្មោះចក់ សំណាង អាយុ១៨ឆ្នាំ ជាសិស្សសាលារៀនថ្នាក់ទី១២ មានលំនៅក្នុងភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកម៉ូតូម្ខាងទៀតម៉ាកហុងដា គុបជ្រុង សេ៥០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1Y-2355 ជិះ២នាក់ម្តាយកូន ដោយក្នុងនោះ ស្ត្រីជាម្តាយឈ្មោះមូល សារិទ្ធ អាយុ៣៨ឆ្នាំ ចំណែកកូនស្រីមានឈ្មោះអាន ស្រីនាថ អាយុ៨ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ម្តាយកូន មានលំនៅក្នុងភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើទហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញស្ត្រីរងគ្រោះឈ្មោះមូល សារិទ្ធ បានជិះម៉ូតូគុបជ្រុង ដឹកកូនស្រីឈ្មោះអាន ស្រីនាថ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ ស្ត្រីរងគ្រោះក៏បានបត់ម៉ូតូទៅខាងស្តាំដៃ ក្នុងគោលបំណងចូលដឹកអីវ៉ាន់នៅផ្ទះអ្នកលក់ ស្រាប់តែភ្លាមនោះ ក៏មានម៉ូតូហុងដាឌ្រីម ដែលបើកដោយយុវជនផ្តាច់ព្រលឹងខាងលើ បោះពួយក្នុងល្បឿនលឿនដូចហោះ វ៉ាជែងគេឯងពីខាងស្តាំដៃ រួចក៏ជ្រុលមកបុកពីក្រោយម៉ូតូស្ត្រីរងគ្រោះ២នាក់ម៉ែកូន ចំចំហៀងខាងស្តាំ បណ្តាលឱ្យដួលរងរបួស ២នាក់ម្តាយកូន បាក់ជើងស្តាំដូចគ្នាសន្លប់ស្តូក ចំណែកយុវជនបង្កបែកមុខ វង្វេងបាត់ស្មារតី។

តាមសម្តីអ្នករស់នៅមូលដ្ឋានខាងលើ បានលាន់មាត់គ្រប់គ្នាថា យុវជនខាងលើត្រូវគេដាក់រហស្សនាមថា “អាផ្តាច់ព្រលឹង” ល្បីទៅហើយ ខាងបង្ហោះម៉ូតូ កុងទ័រវិញមិនក្រោម៨០ឡើយ រហូតដល់ម៉ែឪនិយាយលែងស្តាប់ មកដល់ព្រឹកនេះ គាត់បើកវ៉ាជែងខុសបច្ចេកទេស ទើបបង្កគ្រោះថ្នាក់ដល់អ្នកដទៃបែបនេះ។

ក្រោយកើតហេតុ រថយន្តសង្គ្រោះរបស់អង្គភាព៧១១ បានចុះមកដលក់ ដឹកបញ្ជូនក្មេងស្រីរងគ្រោះទៅមន្ទីរពេទ្យគុន្ធបុប្ផា ដើម្បីសង្គ្រោះជីវិតភ្លាមៗដែរ តែអកុសលដោយសារតែស្ថានភាពរបួសរបស់ក្មេងស្រីរងគ្រោះ មានសភាពធ្ងន់ធ្ងរខ្លាំងពេក ទើបនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃដដែល ក្មេងស្រីរងគ្រោះបានស្លាប់នៅក្នុងមន្ទីរពេទ្យយ៉ាងគួរឱ្យសង្វេគ។ រីឯស្ត្រីជាម្តាយត្រូវបានដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះកេតុមាលា ហៅមន្ទីរពេទ្យយោធា។ ចំណែកយុវបង្ក ត្រូវបានម្តាយដឹកតាមម៉ូតូយកទៅពេទ្យដោយខ្លួនឯង។

ដោយឡែក ម៉ូតូទាំង២គ្រឿងរងខូចខាតខ្ទេចដូចគ្នា ត្រូវបាននគរបាលជំនាញ វាស់វែងរួចយកទៅរក្សាទុកនៅផ្នែកជំនាញអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

សាកសពក្មេងស្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES